ព័ត៌មានកីឡា

ប្រាក់ សុវណ្ណារ៉ា៖ ដោយសារតែ ធារី នឹង បូរ៉ាវី លេងមិនត្រូវអ្វីដែលខ្ញុំចង់បានទើបគ្មានឈ្មោះ

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងឲ្យដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចំនួនពីរប្រកួតហើយលោកបានកោះហៅកីឡាករចំនួន ២៥នាក់ ក្នុងនោះមិនមានឈ្មោះប្រធានក្រុម ឃួន ឡាបូរ៉ាវី នឹង ធារី ចន្ថាប៊ីន ឡើយ។

អតីតគ្រូបឹងកេត បានថ្លែងក្រោយការប្រកួតជម្រើសជាតិកម្ពុជា ចាញ់ African All Stars ដោយលទ្ធផល ១ទល់២ ថា៖ «ជាការពិតណាស់ឲ្យតែផ្លាស់ប្តូគ្រូបង្វឹកថ្មី កីឡាករមួយចំនួននឹងត្រូវប្តូ មិនថាតែខ្ញុំទេ សូម្បីតែលោក Jose Mourinho ពេលទៅដឹកនាំ Manchester United ក៏បានផ្លាស់ប្តូកីឡាករដែរ។ ព្រោះតែគ្រូមានគោលគារណ៍ខុសគ្នា ការជ្រើសរើសគឺមើលទៅតាមអ្វីដែលយើងត្រូវលេង។ ជាពិសេស​​គឺ​កីឡាករ​ទាំង​ពីរ​មាន​កម្រិត​សមត្ថភាព​មិនដូចអ្វីដែលខ្ញុំចង់បាន​​ មិនថាកីឡាករនោះចាស់ឫក៏ក្មេងនោះទេបើសិនជាត្រូវអ្វីដែលខ្ញុំចង់បាន ខ្ញុំនឹងជ្រើសរើស»។ អតីតខ្សែការពារជម្រើសជាតិបានបន្ថែមថា ការដឹកនាំរបស់លោកគឺមើលតែលទ្ធផលប៉ុណ្ណោះ ដូច្នេះកីឡាករដែលកោះហៅមកត្រូវតែមានសមត្ថភាព។

សូមបញ្ជាក់ផងដែរថា លោក ប្រាក់ សុវណ្ណារ៉ា នឹងត្រូវដឹកនាំក្រុមគោព្រៃ ចំនួនពីរប្រកួតរួមមាន ជំនួបមិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិមីយ៉ាន់ំម៉ា នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១៧ នាពហុកីឡាដ្ឋានជាតិ នឹងជាមួយ ហ្សកដានី ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 នៅថ្ងៃទី១៤ ខែវិច្ចិកា៕

មតិយោបល់