ព័ត៌មានកីឡា

PSG បន្តតាមទិញ Mbappe ក្នុងតម្លៃកំណត់ត្រាទៀត

បន្ទាប់ពីទិញបាន កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar ពីក្រុម Barcelona ក្រុមអ្នកមានបារាំង Paris Saint Germain បានបន្តតាមទិញ Kylian Mbappe របស់ក្រុម Monaco ក្នុងតម្លៃកំណត់ត្រា ១៨០លានអឺរ៉ូ។

ទំនងជាក្រុម Paris Saint Germain ចង់បានពាន Champion League ខ្លាំងហើយមើលទៅ បានជារដូវកាលនេះ ចំណាយលុយយ៉ាងច្រើន ដើម្បីទិញកីឡាករថ្លៃៗយ៉ាងនេះ។ ជាក់ស្តែងណាស់ បើតាម Daily Mail បានឲ្យដឹងថា ក្រុមសម្បូរលុយ មួយនេះ បានតាមទិញ Kylian Mbappe ក្នុងតម្លៃកំណត់ត្រាថ្មី ១៨០លានអឺរ៉ូ។ ក្រុម Paris Saint Germain បានចំណាយទឹកប្រាក់រហូតដល់ទៅ ២២២លានអឺរ៉ូ ក្នុងការនាំយក Neymar ពីក្រុម Barcelona ខណៈពេលនេះទឹកប្រាក់ដល់ទៅ ១៨០លានអឺរ៉ូ កំពុងតែត្រៀមចំណាយនាំយក Mbappe មកម្នាក់ទៀតហើយ។ ប្រសិនបើ PSG ពិតជាអាចនាំយក Mbappe បានមែននោះ ត្រឹមកីឡាករ២រូបប៉ុណ្ណោះ ក្រុមលុយកប់ពពកមួយនេះចំណាយដល់ទៅ ៤០២លានអឺរ៉ូ ដែលមិនទាន់មានក្លិបណាចំណាយលុយខ្ជះខ្ជាយបែបនេះឡើយ។

ម្យ៉ាងវិញទៀតនោះ ក្រុម Paris Saint Germain មានបំណងចង់បង្កើតកីឡាករប្រយុទ្ធជួរមុខ ដូចក្រុម Real Madrid មាន BBC និង Barcelona ពីមុនមាន MSN ដែលក្រុមបារាំងចង់បង្កើយ CNM ( Cavani, Neymar, Mbappe ) ។ តែយ៉ាងណា ការតាមទិញ Mbappe ដូចជាពិបាកបន្តិចព្រោះថា ក្រុម Real Madrid , Barcelona និង Man City ក៍មានបំណងចង់បានកីឡាកររូបនេះដែរ ស្របពេលដែលក្លិបទាំងអស់នោះ សុទ្ធសឹងចំណាយលុយខ្ទង់ ជាង១០០លាន ដូចៗគ្នា។

ដូច្នេះហើយ ការតាមប្រមាញ់ Kylian Mbappe របស់ក្រុមអ្នកមាន Paris Saint Germain អាចជួបឧបសគ្គច្រើន ដែលតម្រូវឲ្យក្រុមមួយនេះ ត្រូវធ្វើរឿងមិននឹកស្មានបន្តទៀត ប្រសិនបើចង់បាន Mbappe ខ្លាំងមែននោះ។

មតិយោបល់