ព័ត៌មានកីឡា

ខ្សែប្រយុទ្ធជម្រើសជាតិមីយ៉ាន់ម៉ា មកចូលរួមជាមួយក្លិបនៅលីគកំពូលថៃ

យោងតាមរបាយការណ៍ពី TrueID កីឡាករឆ្នើមរបស់ជម្រើសជាតិមីយ៉ាន់ម៉ា Aung Thu បានចូលរួមជាមួយក្រុម Police Tero FC ដែលប្រកបអាជីពនៅលីគ Thai League 1 របស់ប្រទេសថៃ នាឆ្នាំ​ ២០១៨ ខាងមុខ។

ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ប្រធានក្លិបថៃនេះ នៅពេលដែលរូបគេបានជួយឲ្យជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោយ ២០ឆ្នាំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ World Cup U-20 កាលពីឆ្នាំ ២០១៥។ ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបានល្អខ្លាំងណាស់សម្រាប់កីឡាកររូបនេះ ពោលកាលនៅ U-16 រកបាន ៤គ្រាប់ លេងបាន ៤ប្រកួត (២០១១), U-20 លេងបាន ១៩លើក រកបាន ១២គ្រាប់ (២០១៣-១៥), U-23 បង្ហាញខ្លួនបាន ១០ប្រកួត រកបាន ៥គ្រាប់ (២០១៧) នឹងឈុតធំ ២៤ប្រកួត រកបាន ៨គ្រាប់ ចាប់តាំងពីឆ្នាំ ២០១៥មក។

Aung Thu បានចូលរួមជាមួយក្រុម Yadanarbon FC ក្នុងឆ្នាំ ២០១៣ កីឡាករវ័យ ២១ ឆ្នាំរូបនេះរកបាន ១៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣២ប្រកួត នឹងបានជួយឲ្យក្លិបនេះលើកពានលីគលំដាប់ទី១មីយ៉ាន់ម៉ា ចំនួន ២លើក ពោលគឺនៅឆ្នាំ ២០១៤នឹង ២០១៦ ខណៈពេលនេះកំពុងឈរលេខ៣(២០១៧)៕

មតិយោបល់