ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកជប៉ុន និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ចំពេលមានភាពតានតឹង ជាមួយកូរ៉េខាងជើង

ជប៉ុនៈ បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ច ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ីនាពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងតូក្យូ និងក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្ញែងសាច់ដុំដាក់កូរ៉េខាងជើង ដែលកំពុងមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមយុទ្ធនេះ មានរយៈពេល ១០ ថ្ងៃ ដែលចូលរួមដោយកងទ័ពអាមេរិកចំនួន ១៤,០០០ នាក់ នាវាចម្បាំងផ្ទុកយន្តហោះអាមេរិក USS Ronald Reagan នាវាពិឃាត USS Stethem USS Chafee និង USS Mustin ដោយនឹងប្រព្រឹត្តទៅតាមដែនទឹកជុំវិញកោះអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។

ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើងដែលបានបង្កើនភាពតានតឹង ក្នុងតំបន់ជាមួយការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានប្រកាសទ្បើងជាថ្មីនូវសមយុទ្ធយោធាខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពាន ឬសកម្មភាពបង្កហេតុណាមួយពីសត្រូវផងដែរ។

សូមជំរាបថា វាជាសមយុទ្ធប្រចាំឆ្នាំ រវាងអាមេរិក និងជប៉ុន ដែលបានរៀបចំឡើង ដើម្បីបង្កើនការត្រៀមខ្លួន និងសមត្ថិភាពរបស់កងកម្លាំងប្រទេសទាំងពីរ ក្នុងការពារប្រទេស តាមរយៈប្រតិបត្តិការហឹងហ្វឺន តាមដែនអាកាស និងសមុទ្រ៕

មតិយោបល់