ព័ត៌មានកីឡា

Wayne Rooney រកបាន Hat trick លេីកដំបូងឲ្យក្រុម Everton

ខ្សែប្រយុទ្ធវ័យរាងជ្រេ Wayne Rooney បង្ហាញខ្លួនបានយ៉ាងល្អ ក្នុងការប្រកួតយប់មិញនេះ ដោយអាចរកបាន ៣គ្រាប់ក្នុងជំនួបដែល Everton បំបាក់ West Ham ៤-០ ។

ចាប់តាំងពីការផ្លាស់ទៅកាន់ក្រុម Everton វិញ កាលពីរដូវក្តៅកន្លងមក Wayne Rooney ហាក់បាត់បង់​ប្រជាប្រិយយ៉ាងខ្លាំង បន្ទាប់ពីក្រុម Everton ឆ្នាំនេះ លេងធ្លាក់ទម្រង់យ៉ាងខ្លាំងនោះ។ យ៉ាងណាវិញ សម្រាប់ការបើកទ្វារទទួល​ ក្រុមញញួរធំ West Ham យប់មិញនេះ Everton ធ្វើបានយ៉ាងល្អ ដោយលុតមិនឲ្យតដៃបាន ក្នុងលទ្ធផល ៤-០ ។ ក្នុងនោះដែរ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្រុមបីសាចក្រហម Manchester United កីឡាករ Wayne Rooney រកគ្រាប់បាល់ Hat trick ក្នុងការប្រកួតនេះ។ ៣គ្រាប់របស់​ Rooney រកបាននៅនាទីទី១៨, ២៨ និងនាទីទី៦៦ ខណ:១គ្រាប់ទៀត រកបានដោយកីឡាករ Ashley Williams នៅនាទីទី៧៨។ ចំណែកក្រុម West Ham វិញក៍មានឱកាសវាយបក១គ្រាប់ដែរ តែកីឡាករអាហ្សង់ទីន Manuel Lanzini ទាត់បាល់ ១១ម៉ែត្រ មិនបានសម្រេច ក្នុងនាទីទី៥៩ ។

យ៉ាងណាវិញនោះ សម្រាប់ខ្សែប្រយុទ្ធ Wayne Rooney វិញ នេះគឺជាលើកដំបូងហើយ ដែលកីឡាកររូបនេះ រកបាន Hat trick ឲ្យក្រុម Everton បន្ទាប់ពីផ្លាស់មកកាន់ក្លិបមួយនេះ កាលពីរដូវក្តៅកន្លងមក។ ដូច្នេះហើយ Wayne Rooney នៅតែជាខ្សែប្រយុទ្ធយ៉ាងល្អ ដដែល បើទោះបីជាមានវ័យរាងចាស់ បន្តិចមែន។

មតិយោបល់