បន្ទាប់ពី ប្រទេសគុយវែត បានទទួលពិន័យពី FIFA នៅពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលជាអតីតម្ចាស់ជើងឯក World Cup ២០១០ កំពុងតែត្រៀមដើរតាមគន្លងរបស់ប្រទេសគុយវែតផងដែរ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Marca ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមជម្រើសជាតិអេស្ប៉ាញ អាចប្រឈមនឹងការដកបេក្ខភាពចេញ ពីព្រឹត្តិការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី។ ជាការពិតណាស់ ក្រោយពីមានការដកប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Angel Maria Villa ពីបទអំពើពុករលួយរួចមក បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់សហព័ន្ធ FIFA ។ តាមរយៈការលើកលោក Juan Luis Larrea ជាប្រធានស្តីទី និងត្រៀមបោះឆ្នោតរើសប្រធានថ្មីនោះ ហើយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ព្រោះថា តាមរបាយការណ៍ បានឲ្យដឹងថា មានការលូកដៃពីសំណាក់រដ្ឋាភិបាលក្រុមម៉ាឌ្រីឌ ក្នុងបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែប្រឈមនឹងបញ្ហាដកចេញពីព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី នារដូវក្តៅខាងមុខឡើយ អេស្ប៉ាញ អាចប្រឈមមុខនឹងការកាត់ចេញពីសហព័ន្ធបាល់ទាត់ពិភពលោកផងដែរ ប្រសិនបើការស៊ើបអង្កេតរកឃើញ ភស្តុតាង នៃការលូកដៃរបស់រដ្ឋាភិបាល ចូលក្នុងវិស័យកីឡានោះ។ ជាការពិតណាស់ តាមច្បាប់ FIFA សហព័ន្ធបាល់ទាត់របស់ប្រទេសនីមួយៗ មិនត្រូវឲ្យមានអំណាចនយោបាយ ចូលមកដោះស្រាយ ឬប្រើអំណាចសម្រេចអ្វីមួយឡើយ ប្រសិនបើមានបញ្ហានេះកើតឡើងមែន FIFA នឹងមានវិធានការណ៍ដោះស្រាយជាបន្ទាន់។
ដូច្នេះហើយ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ កំពុងតែប្រឈមនឹងបញ្ហានេះ ប្រសិនបើ FIFA រកឃើញភស្តុតាងជាក់លាក់ណាមួយ ពីការលូកដៃ របស់រដ្ឋាភិបាល អេស្ប៉ាញ ទាក់ទងនឹងការទម្លាក់លោក Angel Maria Villa និងការបោះឆ្នោតរើសប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញថ្មី ក្នុងពេលខាងមុខនេះនោះ។



តោះ! យល់យ៉ាងណាដែរប្រសិនបើអេស្ប៉ាញត្រូវអវត្តមាន ពីព្រឹត្តិការណ៍ World Cup ២០១៨ នៅរុស្ស៊ីនោះ៖
មតិយោបល់