លោក Jose Mourinho បានបញ្ជាក់ថាខ្លួនមិនបានដឹងថាខ្សែបម្រើថ្លៃជាងគេលើលោក Pual Pogba ជាប់បម្រាមកាតលឿង២ដងនោះទេ អំឡុងពេលដែលទិញរូបគេពីក្លឹប Juventus មក។
មុនការប្រកួតដែលក្រុម Manchester United ត្រូវប៉ះ Bournemouth នៅថ្ងៃអាទិត្យនេះ ស្រាប់ពេលមានដំណឹងមិនល្អមួយសម្រាប់ក្រុមអ្នកគាំទ្របិសាចក្រហមថា Pogba ដែលទើបតែទិញបានពី Juventus នោះ មិនអាចចូលលេងប្រកួតដំបូងនេះបានទេ។ ដោយហេតុថារូបគេបានជាប់កាតលឿងដល់ទៅ២ដងមកហើយកាលពីរដូវកាលមុនជាមួយក្រុម Juventus ដែលតម្រូវឱ្យរដូវកាលថ្មីត្រូវអវត្តមានមួយប្រកួត។
ចំពោះរឿងនេះដែរ លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ស៊យ! ដែលខ្ញុំទិញគាត់មក មិនដឹងថាគាត់បានជាប់បម្រាមយ៉ាងនេះ។ ខ្ញុំទើបតែដឹង២ថ្ងៃមុននេះទេ រឿងគាត់ជាប់បម្រាម។ ដូច្នេះមានន័យថាគាត់មានតែរង់ចាំដល់អាទិត្យក្រោយប៉ះជាមួយ Southampton ហើយ”។
ខ្សែបម្រើវ័យ២៣ឆ្នាំខាងលើ ត្រូវបិសាចក្រហមទិញត្រលប់មក Old Trafford វិញ ក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃជាងគេលើលោក ៨៩លានផោន ក្នុងកុងត្រារយៈពេល៥ឆ្នាំ។ វត្តមានរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងជួយបិសាចក្រហមបានច្រើននៅរដូវកាលថ្មីនេះ៕
មតិយោបល់