ខ្សែប្រយុទ្ធបារាំង Antoine Griezmann នឹងមិនផ្លាស់ទៅកាន់ក្រុម Barcelona, Real Madrid និង Paris Saint Grmain ឡើយ បន្ទាប់ពីក្រុមបីសាចក្រហម Manchester បានផ្តល់លក្ខខ័ណ្ឌ ពិសេសមួយដល់កីឡាកររូបនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Antoine Griezmann នឹងមិនចាកចេញពីក្រុម Atletico Madrid ឡើយនៅរដូវកាលនេះ។ ក្នុងនោះដែរ Griezmann បានសម្រេចចិត្តមកតាមលោក Jose Mourinho នៅរដូវក្តៅក្រោយនេះ ដែលមិនព្រមទៅកាន់ក្រុម Barcelona ឡើយ។ ការបដិសេធមិនមកចូលរួមជាមួយក្រុម Barcelona នេះដែរ ដោយសារតែក្រុមបីសាចក្រហម បានផ្តល់លក្ខខ័ណ្ឌមួយយ៉ាងល្អ ដល់កីឡាករបារាំងរូបនេះ ដោយយល់ព្រមផ្តល់ប្រាក់ឈ្នួលដល់ Griezmann រហូតដល់ទៅ ៤០ម៉ឺនផោនក្នុង១សប្តាហ៍ ដែលមានន័យថា Antoine Griezmann នឹងក្លាយជាកីឡាករ ដែលមានតម្លៃពលកម្មប្រចាំសប្តាហ៍ខ្ពស់ជាងគេបំផុតនៅ Premier League ។
គួរបញ្ជាក់ផងដែរថា Griezmann មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមធំៗជាច្រើនដូចជា Real Madrid, Barcelona និង Paris Saint Germain សុទ្ធសឹងតែចង់បានខ្សែប្រយុទ្ធបារាំងរូបនេះ។ ប្រសិនបើ រដូវក្តៅក្រោយ Antoine Griezmann ផ្លាស់មកកាន់ Premier League មែននោះ ច្បាស់ណាស់ នឹងមិនមានកីឡាកររូបណានៅអង់គ្លេសដែលមានតម្លៃពលកម្មខ្ពស់ជាង Griezmann ឡើយ។ Antoine Griezmann បានទាមទារតម្លៃពលកម្មច្រើនជាងតម្លៃពលកម្មរបស់រូបគេនាពេលបច្ចុប្បន្ននេះ រហូតដល់ទៅ ១០ម៉ឺនផោន ដែលទំនងជាក្រុម Atletico Madrid មិនហ៊ានឲ្យតម្លៃពលកម្មប្រចាំសប្តាហ៍បែបនេះឡើយ។ យ៉ាងណាវិញ លោក Jose Mourinho បានសម្រេចចិត្ត ដោយហ៊ានចំណាយតម្លៃពលកម្ម ទៅតាមការចង់បានរបស់ Griezmann ពោលគឺតម្លៃ ៤០ម៉ឺនផោនក្នុង១សប្តាហ៍ ព្រមទាំងតម្លៃផ្ទេរ ៨៩លានផោនផងដែរ៕
មតិយោបល់