ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ កំពុងតែជួបវិបត្តកីឡាករ សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នឹងលីគកំពូលកម្ពុជា ដែលចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។
ជាក់ស្តែងកីឡាករជាច្រើនបានទៅចូលរួមជាមួយក្លិបចំណូលថ្មី សូលទីឡូអង្គរ ដូចជា សេង កូសែន, ឡុង ភារ៉ាត់, កូរណៃ អាន់សារី, លី ភិរុន, ចាន់ វាសនា នឹង កីឡាករបរទេសដែលតែងតែរកគ្រាប់បាល់បាន Mattiew Osa(ធ្វើតេស្ត) នឹងខ្សែការពារស្លាបស្តាំ លឹម យូ បានទៅចូលរួមជាមួយ បឹងកេត ខណៈដែលកីឡាករក្នុងស្រុកដែលនៅសេសសល់ ក៏កំពុងតែស្វែងរកទ្រនំថ្មីដែរ ដូចជា ខ្សែបម្រើ ច្រឹង ច័ន្ទវិរៈ(ខ្ចីជើងពីក្រសួងការពារជាតិ), អ៊ុក វ៉ាន់ណេ នឹង ម៉ែន មុន្នីរ៉ា ដែលទៅធ្វើតេស្តជាមួយ ក្លិប អគ្គិសនីកម្ពុជា ។ ចំណែកឯ ខ្សែប្រយុទ្ធ ទូច រ៉ូម៉ា បានត្រលប់ទៅកាន់ក្លិប ក្រសួងការពារជាតិ វិញបន្ទាប់ពីផុតកិច្ចសន្យាខ្ចីជើង។
បើតាមព័ត៌មានចរចាមអារាមថា លោក ស៊ុំម វណ្ណា ដែលជាគ្រូបង្វឹក វេស្ទើនភ្នំពេញ ចង់នាំយកកិឡាករមួយចំនួនមកពីតាមខេត្ត នឹងកីឡាករមួយចំនួនធ្លាប់លេងនៅពានរង្វាន់ពាក់កណ្តាលអាជីព (KMH)។
សូមបញ្ជាក់ថា លីគកំពូលកម្ពុជា នឹងចាប់ផ្តើម នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ សម្រាប់ពានរង្វាន់ Hun Sen Cup ចាប់ផ្តើម ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ៕
មតិយោបល់