ព័ត៌មានបច្ចេកវិទ្យា

មេ Apple ថា លោកនឹងមិនអនុញ្ញាតឱ្យក្មេងៗប្រើបណ្តាញសង្គមនោះទេ!

នៅក្នុងសន្ទរកថានៅឯវិទ្យាល័យមួយនាទីក្រុង Essex ប្រទេសអង់គ្លេស ប្រធានក្រុមហ៊ុន Apple គឺលោក Tim Cook បានផ្តល់ដំបូន្មានដល់ក្មេងៗក្នុងសាលាគួរកុំចំណាយពេលច្រើនលើបណ្តាញសង្គមដូចជា Facebook ជាដើម។

យោងតាមកាសែត The Guardian លោក Cook និយាយថា បើទោះជាលោកគ្មានកូនក៏ដោយ ប៉ុន្តែ លោកមានក្មួយតូចៗ ហើយលោកបានកំណត់ព្រំដែនមួយចំនួនដល់ពួកគេក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឌីជីថល។

លោកបានប្រាប់ទៅដល់សិស្សានុសិស្សនៅឯសាលាបានត្រៀមដាក់បញ្ចូលកម្មវិធីសិក្សាទៅលើការសរសេរកូដពីក្រុមហ៊ុន Apple ទៀតថា ការរៀនសរសេរកូដគឺមានសារសំខាន់ជាងការនិយាយភាសាទីពីរមួយទៅទៀត។

យោងតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិករូបនេះ ដែលដកស្រង់ដោយកាសែតដដែល បានឱ្យដឹងបន្ថែមថា ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលនិយាយថា៖ «យើងបានឈានទៅដល់ភាពជោគជ័យ ដោយការប្រើបច្ចេក​វិទ្យាគ្រប់ពេលនោះទេ»។

ទាក់ទងទៅនឹងពាក្យសម្តីនេះ​​ ម្ចាស់ភាគហ៊ុនធំបំផុតពីរ និងអតីតនាយកប្រតិ​បត្តិ​ម្នាក់របស់ក្រុមហ៊ុន Apple បានអះអាងថា ផលិតផល iPhone ប្រហែលកំ​ពុង​​ធ្វើឱ្យក្មេងៗញៀន មិនថាពួកគេប្រើកម្មវិធីបណ្តាញសង្គម Facebook ឬក៏អត់នោះទេ។

គួរបញ្ជាក់ថា បណ្តាញសង្គមឌីជីថល គឺត្រូវបានចាត់ចូលជាបច្ចេកវិទ្យាដែលកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក ហើយ Apple កាលពីឆ្នាំ ២០១០ ក៏បានបង្កើតចេញកម្មវិធីបណ្តាញសង្គមចម្រៀងមួយឈ្មោះថា Ping ផងដែរ។ ប៉ុន្តែ នៅឆ្នាំ ២០១២ វាក៏ត្រូវបានបិទជាផ្លូវការទៅវិញ ដោយសារតែ​ក្រុមហ៊ុនមិនព្យាយាមធ្វើការអភិវឌ្ឍ និងផ្សព្វផ្សាយវាលើទីផ្សារ៕

ប្រភពព័ត៌មានៈ washingtonpost

មតិយោបល់