ព័ត៌មានកីឡា

ក្រុមភ្ញៀវ Shan United វាយបកដណ្តើម ៣ ពិន្ទុពីម្ចាស់ផ្ទះ បឹងកេត

ក្រោយចប់ការប្រកួតមុននេះបន្តិច នៃពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ប្រចាំពូល F ដោយ បឹងកេត បានទទួលបរាជ័យក្រោមថ្វីជើង Shan United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ១ ទល់ ២ នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្រុមម្ចាស់ផ្ទះបានធ្វើការនាំមុខមុន បន្ទាប់ពីកីឡាករ Maycon បង្កើតឱកាសមានបាល់ពិន័យ (Free-kick) នឹងទាត់បញ្ចូលទីបានសម្រេចដោយខ្លួនឯងតែម្តង នៅនាទី ២៧ ស្របពេលដែលក្រុមភ្ញៀវបានធ្វើការវាយសម្រុកមកវិញ ហើយតាមបាន ១ គ្រាប់ ស្មើមកវិញដោយកីឡាករ DWAY KO KO CHIT នៅនាទី ៤១ បន្ទាប់ពីខ្សែប្រយុទ្ធ CHIZOBA បញ្ជូនបាល់ឲ្យយ៉ាងល្អ ខណៈដែលឈានចូលដល់វគ្គទី២ ខ្សែប្រយុទ្ធ CHIZOBA ក៏រកបានគ្រាប់ទី២ នៅនាទី ៥៥ ដែលជាគ្រាប់ជ័យជម្នះ។

ដូច្នេះហើយ ឆ្លងកាត់ ២ ប្រកួតមកនេះ បឹងកេត ទទួលបរាជ័យទាំងអស់ នឹងកំពុងស្ថិតនៅចំណាត់ថ្នាក់បាតតារាង ក្នុងចំណោម ៤ ក្រុម នៃពូល F ខណៈការប្រកួតនៅសល់ ៤ លើកទៀត៕

មតិយោបល់