ព័ត៌មានកីឡា

គ្រូបឹងកេត៖ “កីឡាកររបស់យើងកម្លាំងចាញ់គេ”

ក្រោយចប់ការប្រកួតកាលពីម្សិលមិញ នៃពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ប្រចាំពូល F ដោយ បឹងកេត បានទទួលបរាជ័យក្រោមថ្វីជើង Shan United របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ១ ទល់ ២ នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោក កែវ កុសល ដែលជាគ្រូបង្វឹកបឹងកេត បាននិយាយក្រោយចប់ការប្រកួតថា៖ “យើងទទួលបានលទ្ធផលមួយដែលខ្ញុំ នឹងថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករមានការខកចិត្តយ៉ាងខ្លាំង ព្រោះពួកយើងបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ហើយយើងបានតាំងចិត្ត ប្តេជ្ញាចិត្ត ធ្វើអោយទទួលបានជ័យជម្នះ ប៉ុន្តែចុងក្រោយនេះ គឺជាបាល់ទាត់ បើសិនជាយើងលេងល្អតែមួយវគ្គ (៤៥នាទី) យើងអត់អាចទទួលបានជ័យជម្នះបានទេ យើងត្រូវលេងល្អរហូតដល់ចប់ ៩០នាទី ។ ឃើញថាវគ្គទី១ យើងលេងបានល្អ យើងមានឱកាសច្រើនមែនទែន ប៉ុន្តែយើងបាត់បង់ឱកាស យើងធ្វើអត់បានសម្រេច អច្ចឹងនៅចុងតង់កម្លាំងរបស់យើងធ្លាក់ ហើយខាងក្រុម Shan គេមានឱកាសទាត់ចូលបាន ១ទល់១”។

គ្រូបង្វឹករយៈពេលខ្លីរូបនេះបន្តថា “តាមពិតយើងដឹងដែរថាក្រុម Shan ជាក្រុមមានកម្លាំងខ្លាំង ប៉ុន្តែជាអ្វីដែលយើងសោកស្ដាយមានន័យថា ពេលដែលយើងមានឱកាសនៅតង់ទី១ បើសិនជាយើងធ្វើបានសម្រេចអាចថាយើង អាចនាំមុខដល់ទៅ ៣ ទៅ ៤ គ្រាប់ អច្ចឹងខ្ញុំជឿថាបើយើងបានលទ្ធផលនាំមុខ ៣ ឫ ៤ គ្រាប់មុន ខ្ញុំជឿថា ទាំងកម្លាំងកាយ និងកម្លាំងចិត្តធម្មតា ខាងនោះប្រាកដជាបាក់ហើយ អច្ចឹងចូលតង់ទី២ យើងអាចស្រួលលេងជាងនេះ ដល់ពេលមុននឹងបញ្ចប់ទៅហើយស្រាប់តែកេបានលទ្ធផល ១ស្មើ អច្ចឹងធ្វើអោយខាងនោះមានកម្លាំងចិត្ត ហើយបូកផ្សំនឹងកម្លាំងគេរាងល្អជាងយើងផង ប៉ុន្តែសរុបលទ្ធផលប៉ុននេះយើងគិតថាអាចទទួលយកបាន យើងគិតថាក្រុមប្រឹងប្រែងអស់ហើយ”។

ដូច្នេះហើយ ឆ្លងកាត់ ២ ប្រកួតមកនេះ បឹងកេត ទទួលបរាជ័យទាំងអស់ នឹងកំពុងស្ថិតនៅចំណាត់ថ្នាក់បាតតារាង ក្នុងចំណោម ៤ ក្រុម នៃពូល F ខណ:ការប្រកួតនៅសល់ ៤ លើកទៀត៕

មតិយោបល់