កាលពីថ្ងៃទី១៨ ខែមិនា ក្រុមបាល់ទាត់ដែលទើបឡើងមកពីក្របខណ្ឌលំដាប់ទី២ វិសាខា បានប្រកួតស្មើគ្នាជាមួយក្រុម ភ្នំពេញក្រោន ដោយលទ្ធផល ០ទល់០ នាកីឡដ្ឋានវេស្ទើន ក្នុងជំនួបសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ខណៈដែលលោក ហុក សុជីវ័ន បានលើកឡើងខ្លះៗ ពីការដាក់សំពាធខ្លាំងលើ ភ្នំពេញក្រោន។
លោក ហុក សុជីវ័ន ដែលជាគ្រូបង្វឹក វិសាខា បាននិយាយក្រោយចប់ការប្រកួតថា៖ ” បើនិយាយរួមទៅ ធម្មតាគេហៅថាការគៀបសង្កត់នៅលើទីលាន គឺវាពាក់ព័ន្ធជាមួយនឹងកម្លាំង និងការធ្វើការ ជាក្រុមបានល្អ ហើយពេលណាយើងធ្វើការជាក្រុមបានច្រើន ដូច្នេះធ្វើឲ្យយើងទទួលបានការគ្រប់គ្រងបាល់បានច្រើន តែវាមិនពាក់ព័ន្ធជាមួយនឹងទម្រង់ណាមួយនេះទេ ចំពោះការគៀបសង្កត់នេះយើងក៏ត្រូវការកីឡាករនាំលេង មួយចំនួនដែរ និងកត្តាផ្សេងទៀតដូចជា ទីលាន និងអាកាសធាតុ ជាដើម”។ នៅក្នុងការប្រកួត ក្រុមជើងឯកក្របខណ្ឌលំដាប់ទី២ នេះ បានដាក់សំពាធយ៉ាងខ្លាំងលើ ភ្នំពេញក្រោន ហើយមានឱកាសជាច្រើនផងដែរ។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៣ សប្តាហ៍កន្លងមក វិសាខា មិនទាន់ស្គាល់ចាញ់នោះទេ ពោលគឺឈ្នះ ២ លើក ស្មើមួយលើក ដោយមាន ៧ ពិន្ទុក្នុងដៃ ស្របពេលដែល ភ្នំពេញក្រោន ឈ្នះ ២ លើក ស្មើមួយលើក ដោយមាន ៧ ពិន្ទុដូចគ្នា៕
មតិយោបល់