ភាពយឺតយ៉ាវ នៃការទាត់បាល់បញ្ចូលទីរបស់ Cristiano Ronaldo ហាក់មិនទាន់ចោទជាបញ្ហាប៉ុន្មានឡើយ សម្រាប់ខ្សែប្រយុទ្ធមុតស្រួចវ័យ ៣៣ ឆ្នាំរូបនេះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ Ronaldo ស៊ុតផ្ទួនៗ តាមជិតទាន់គ្រាប់បាល់របស់ Lionel Messi ។
បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា Cristiano Ronaldo នៅតែអាចឈ្នះស្បែកជើងមាស Laliga រដូវកាលនេះដដែល បើទោះបីជានៅចាញ់គ្រាប់បាល់ Lionel Messi ចំនួន ៣គ្រាប់ក៍ដោយ។ ជាក់ស្តែងណាស់ កាលពីដើមរដូវកាលកន្លងមក ក្រៅពីរងពិន័យ៧ប្រកួតរួមនឹងការខកខានទាត់បាល់បញ្ចូលទី ជាច្រើនប្រកួតកន្លងមកនោះ បានធ្វើឲ្យ Ronaldo ហាក់គ្មានសង្ឃឹមក្នុងការប្រជែងស្បែកជើងមាសឡើយ ជាពិសេសជាមួយ Lionel Messi ដែលមានគ្រាប់បាល់ដាច់ជាង ១០គ្រាប់។
យ៉ាងណាវិញ ក្រោយពីឆ្នាំ ២០១៨ បានមកដល់ភ្លាម អ្វីៗមានការ ប្រែប្រួលខុសពីមុន ព្រោះថា Ronaldo ចាប់ផ្តើមបង្ហាញឲ្យឃើញពីថាមពល នៃការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ជាហេតុធ្វើឲ្យគម្លាតគ្រាប់បាល់ របស់ Ronaldo កាន់តែខិតជិតជាមួយនឹង Top Scorer កីឡាករ Lionel Messi ។ ដូច្នេះហើយ ការតាមពីក្រោយត្រឹម ៣ គ្រាប់ ពោល ២២-២៥ របស់ Ronaldo ជាមួយនឹង Messi បានក្លាយជាសមរភូមិដ៍តាមតឹងមួយរវាងកីឡាករទាំង២ ក្នុងការប្រជែងស្បែកជើងមាស Laliga រដូវកាលនេះ។
គួរបញ្ជាក់ផងដែរថា ក្រៅពីកីឡាករទាំង២ នៅមាន Luis Suarez មួយរូបទៀតដែលទាត់បាន ២១ គ្រាប់ ស្របពេលដែល Antoine Griezmann ទាត់បាន ១៧ គ្រាប់ផងដែរ។
មតិយោបល់