ព័ត៌មានកីឡា

Atletico Madrid ចាប់ផ្តើមចំណាយលុយធំ

ក្លិបបាល់ទាត់ Atletico Madrid ថ្វីដ្បិតតែជាក្រុមល្បីល្បាញមួយនៅអេស្ប៉ាញ និងតែងតែកាឡុកនៅពានរង្វាន់អឺរ៉ុបជារៀងរាល់ឆ្នាំមែន តែក្លិបមួយនេះមិនដែលចំណាយលុយច្រើនលើសលប់ក្នុងការទិញកីឡាករ ដែលមានតម្លៃខ្លួនថ្លៃៗ មកពង្រឹងក្លិបឡើយ។

យ៉ាងណាវិញ សម្រាប់រដូវក្តៅខាងមុខនេះ ក្រុម Atletico Madrid បានធ្វើឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយ:ការហ៊ានចំណាយលុយច្រើនសន្ធឹកសន្ទាប់​ក្នុងការទិញកីឡាករមកកាន់ក្លិប។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមអេស្ប៉ាញ Atletico Madrid បានត្រៀមទឹក​ប្រាក់ ១០៥លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ពី​ក្រុមសេះបង្កង់ Juventus នៅរដូវកាលក្រោយនេះ។

ការត្រៀមចាយលុយធំ ដើម្បីទិញ Dybala នេះដែរ បើទោះបីជា Atletico Madrid វាហាក់មិនងាយ​ស្រួលឡើយ សម្រាប់ ការតាមប្រមាញ់នោះ ដោយសារតែ Dybala កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមធំៗជាច្រើន ដូចជា Manchester United, Real Madrid និង​ Barcelona ដែលនេះអាចជាឧបសគ្គធំ សម្រាប់​ Atletico Madrid ។ ក៍ប៉ុន្តែ ដើម្បីអាចប្រជែងបាន ក្លិបអេស្ប៉ាញមួយនេះ ហ៊ានចំណាយដល់ទៅ ១០៥ លានផោន ដែលជាប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការចំណាយលុយទិញ​កីឡាករ​បែបនេះ ក្នុងន័យប្រជែងយក Paulo Dybala ឲ្យបាន។

គួរបញ្ជាក់ផងដែរថា​ Paulo Dybala គឺជាខ្សែប្រយុទ្ធមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីសំណាក់ក្លិបបាល់ទាត់ជាច្រើន​ តាមរយ:ទម្រង់លេង និងបច្ចេកទេស រហ័សរហួន មិនចាញ់សិស្សច្បង Lionel Messi ប៉ុន្មានឡើយ។

មតិយោបល់