ក្រុមស្តេចស Real Madrid បានសម្រេចចិត្តលក់ខ្សែប្រយុទ្ធដល់ទៅ ២រូបកាលពីរដូវក្តៅកន្លងមក រួមមាន Alvaro Morata និង Mariano Diaz ដែលកីឡាករទាំង២នេះសុទ្ធសឹងកំពុងទទួលបានជោគជ័យនៅក្លិបថ្មីរបស់ពួកគេ។
ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធវ័យក្មេង Mariano Diaz កំពុងតែសាងភាពល្បាញល្បី ក្នុងលីគកំពូលរបស់បារាំង នាពេលបច្ចុប្បន្ននេះ។ ក្នុងនោះដែរ តាំងពីចាប់ផ្តើមការប្រកួតបើករដូវកាលកន្លងមកនេះឲ្យក្រុម Lyon ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរកគ្រាប់បាល់ ៤គ្រាប់ហើយក្នុងចំណោម៥ប្រកួតកន្លងមក ដោយមិនគិត ការប្រកួតមិត្តភាពមុនបើករដូវកាលកន្លងមកឡើយ។ Mariano Diaz កាលលេងឲ្យក្រុម Real Madrid ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មិនសូវបានលេងឡើយ ដោយប្រឈមតំណែងជាមួយខ្សែប្រយុទ្ធឆ្នើមៗ ច្រើនដូចជា Karim Benzema និង Alvaro Morata ។
យ៉ាងណាក៍ដោយ តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុម Lyon នៅរដូវកាលនេះ អាចបង្ហាញឲ្យឃើញថា ការលក់ Mariano Diaz អាចក្លាយជាកំហុសមួយសម្រាប់ Real Madrid ជាជាងការលក់ Alvaro Morata ទៅឲ្យតោខៀវ Chelsea ។ ជាក់ស្តែង Mariano នៅមានវ័យក្មេងអនាគត់ល្អ ប្រសិនបើ Real Madrid ផ្តល់ឱកាសឲ្យកីឡាកររូបនេះ បានលេងច្រើននោះ ប្រហែលសមត្ថភាព មិនចាញ់ Marco Asensio ដែលកំពុងតែទទួលបានប្រជាប្រិយភាពឡើយ។ យ៉ាងណាក៍ដោយ Mariano Diaz ទំនងជាគិតត្រូវក្នុងការចាកចេញពី Real Madrid ទៅកាន់ Lyon ព្រោះថា ពេលនេះរូបគេកំពុងតែធ្វើបានយ៉ាងល្អ និងចាប់ផ្តើមសាងភាពល្បីល្បាញ ក្នុងពិភពបាល់ទាត់។
ម្យ៉ាងវិញទៀត Mariano Diaz នឹងក្លាយជា Alexandre Lacazette ថ្មីរបស់ក្រុម Lyon ដែលរកគ្រាប់បាល់បានយ៉ាងច្រើនឲ្យក្រុម។ ដូច្នេះហើយ ការលក់ Mariano Diaz ឲ្យក្រុម Lyon គឺជាកំហុសយ៉ាងធំមួយរបស់ក្រុម Real Madrid ។



មតិយោបល់