ព័ត៌មានកីឡា

រឿន ឈី ទាត់មួយជើងចំកញ្ចឹងកធ្វើឲ្យ លឹម ឡេង សន្លប់ទឹកទី២

កាលពីម្សិលមិញ មានការប្រកួតប្រដាល់គុនខ្មែរ នាស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាគូដណ្តើមជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) នៅវគ្គជម្រុះ ដោយកីឡាករ រឿន ឈី បានយកឈ្នះកីឡាករ លឹម ឡេង បន្ទាប់ពីទាត់មួយជើងចំកញ្ចឹងកធ្វើលោកអាជ្ញាកណ្តាល អូហ ពូថង រាប់ដល់ ១០ នាទឹកទី២ ខណៈជំនួបនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

នេះគឺជារដូវកាលទី​ ២ សម្រាប់ពានរង្វាន់មួយនេះ ដោយមានកីឡាករចំនួន ៣២ នាក់ ចូលរួមប្រកួតដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។

សូមរំលឹកថា ការប្រកួតពានរង្វាន់ខាងលើត្រូវបានធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ នាសង្វៀនព្រែកកំពិស ចាប់ពីវេលាម៉ោង ៥ៈ០០ នាទី ល្ងាចតទៅ ដូច្នេះ រឿន ឈី ជាបេក្ខភាពឡើងទៅកាន់វគ្គទី៣ បន្ត៕

មតិយោបល់