គ្រូបង្វឹកក្រុមបាល់ទាត់មេឃខៀវ Manchester City លោក Pep Guadiola បានក្លាយជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត ក្រោយពីបន្តកុងត្រាថ្មីជាមួយក្រុមអង់គ្លេសមួយនេះ រហូតដល់ឆ្នាំ ២០២០ ។
បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Manchester City បានសម្រេចចិត្តផ្តល់កុងត្រាថ្មី ដល់លោក Pep Guadiola ដែលកុងត្រាថ្មីនេះ គ្រូបង្វឹកអេស្ប៉ាញរូបនេះ ទទួលបានតម្លៃពលកម្មក្នុងមួយឆ្នាំ ២០លានផោន ដែលជាតម្លៃខ្ពស់ជាងគេបំផុត សម្រាប់គ្រូបង្វឹកទាំងអស់។
ជាការពិតណាស់ លោក Pep Guadiola បានដឹកនាំក្រុម Manchester City ២រដូវកាលកន្លងមកហើយ ដោយរដូវកាលទី១ របស់លោក មិនបានជួយក្លិបឲ្យឈ្នះពានណាមួយឡើយ ក៍ប៉ុន្តែ រដូវកាលទី២នេះវិញ លោក Pep Guadiola ពិតជាធ្វើឲ្យ Man City មានការប្រែប្រួលយ៉ាងខ្លាំង ដោយបានឈ្នះពាន Carabao Cup ខណៈ Premier League វិញ កំពុងស្ថិតក្នុងកណ្តាប់ដៃស្រាប់ គ្រាន់តែមិនទាន់លើកពានប៉ុណ្ណោះ ស្របពេលដែល Champion League វិញ ត្រូវអ៊ុតមើលជើងទី២ ជាមួយ Liverpool សិន។
យ៉ាងណាវិញ សមទ្ធិផល ដែលលោក Pep Guadiola បានធ្វើឡើងនៅរដូវកាលនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថ្វីបើចុងរដូវកាលរាងធ្លាក់ជើងបន្តិចក្តី តែសម្រាប់ Man City វិញ បានសម្រេចបន្តកុងត្រាថ្មី ដល់លោក ព្រមទាំងផ្តល់ប្រាក់ឈ្នួលរហូតដល់ទៅ ២០លានផោន ក្នុងមួយឆ្នាំផងដែរ។
តម្លៃពលកម្មសម្បើមនេះ បានធ្វើឲ្យលោក Pep Guadiola ក្លាយជាគ្រូបង្វឹកដែលមានតម្លៃពលកម្មខ្ពស់ជាងគេបំផុត នាពេលបច្ចុប្បន្ននេះ ពោលច្រើនជាងលោក Jose Mourinho ដែលមានត្រឹម ប្រមាណ ១០លានផោនប៉ុណ្ណោះ។
មតិយោបល់