កាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកប្រដាល់វ័យក្មេងមកពីខេត្តបាត់ដំបង ឈុន សេរីវ៉ាន់ថង បានប្រកួតចាញ់ កីឡាករ លាភ រដ្ឋា ដោយពីន្ទុ ធ្វើឲ្យរូបគេត្រូវធ្លាក់ចេញពីការដណ្តើមជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) ដោយសារតែមិនសូវមានពេលហ្វឹកហាត់ ព្រោះជាប់សិក្សា។
ឈុន សេរីវ៉ាន់ថង បានលើកឡើងក្រោយចាញ់ លាភ រដ្ឋា ថា៖ ដោយសារតែមិនសូវមានពេលហ្វឹកហាត់ឲ្យបានដិតដល់ ព្រោះកំពុងសិក្សាថ្នាក់ទី១២ ដើម្បីត្រៀមប្រលង ហើយការសិក្សាតាំងពីព្រឹក រហូតដល់ល្ងាច នៅសល់ពេលហ្វឹកហាត់ តិចបំផុត នឹងពេលខ្លះមិនបានហាត់ផងដែរ។ ក្រៅពីកីឡាករប្រដាល់វ័យក្មេងរូបនេះ នៅមានកីឡាករ ផាន ផាត់យុទ្ធ ក៏ត្រូវជ្រុះចេញពីពានរង្វាន់ខាងលើដែរ ដោយសារបានប្រកួតចាញ់ពិន្ទុកីឡាករ លន បញ្ញា នៅថ្ងៃដដែលនោះ។
នេះគឺជារដូវកាលទី ២ សម្រាប់ពានរង្វាន់មួយនេះ ដោយមានកីឡាករចំនួន ៣២ នាក់ ចូលរួមប្រកួតដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
សូមរំលឹកថា ការប្រកួតពានរង្វាន់ខាងលើធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ នាសង្វៀនព្រែកកំពិស ចាប់ពីវេលាម៉ោង ៥:០០ នាទី ល្ងាចតទៅ ដូច្នេះ លាភ រដ្ឋា នឹង លន បញ្ញា ជាបេក្ខភាពឡើងទៅកាន់វគ្គបន្ត៕
ឈុន សេរីវ៉ាន់ថង(ក្រហម)
មតិយោបល់