ព័ត៌មានអន្តរជាតិ

ចិន ចង់ឲ្យមានមូលដ្ឋានយោធាខ្លួន នៅកោះប៉ាស៊ីហ្វិកខាងត្បូង របស់ប្រទេសវ៉ានូអាទូ

ចិនៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Fairfax របស់ប្រទេសអូស្ត្រាលី បានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្រុងប៉េកាំង បានតម្រង់គោលដៅឆ្ពោះទៅកាន់ប្រទេសវ៉ានូអាទូ ជាមួយនឹងបំណងចង់បង្កើតវត្តមានយោធាជាអចិន្រ្តៃយ៍ នៅលើកោះប៉ាស៊ីហ្វិកដ៏តូចមួយនេះ ដែលវាជាផែនការមួយ ទំនងជានឹងបង្កើនភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

របាយការណ៍នេះ បាននិយាយថា គ្មានសំណើជាផ្លូវការណាមួយ ត្រូវបានធ្វើនៅឡើយនោះទេ សម្រាប់ប្រទេសទាំងពីរ ប៉ុន្តែកិច្ចពិភាក្សាបឋមអំពីការរកមូលដ្ឋានទ័ពដ៏ពេញលេញរបស់ចិន នៅវ៉ានូអាទូ គឺត្រូវបានគេដឹងថា បានធ្វើឡើងផងដែរ។

ពាក់ព័ន្ធនឹងការលើកទ្បើងនេះ រដ្ឋមន្ត្រីការបរទេសវ៉ានូអាទូ លោក Ralph Regenvanu ក៏បានធ្វើការច្រានចោល នូវការទាមទារនេះ ដោយកំហឹងផងដែរ។

ដោយលោកបានប្រាប់នៅក្នុងវិទ្យុ ABC ថា «គ្មានមន្ត្រីណាម្នាក់ នៅក្នុងរដ្ឋាភិបាលវ៉ានូអាទូ បាននិយាយអំពីមូលដ្ឋានទ័ពរបស់ចិន នៅវ៉ានូអាទូនោះទេ ហើយយើងក៏មិនមានចំណាប់អារម្មណ៍ ក្នុងការធ្វើសមយុទ្ធយោធា ឬអនុញ្ញាតឲ្យមានមូលដ្ឋានយោធាណាមួយ នៅក្នុងប្រទេសរបស់យើងទ្បើយ៕

មតិយោបល់