ព័ត៌មានកីឡា

De Bruyne អាចក្លាយជាកីឡាករដំបូងដែលឈ្នះពាន Playmaker Award

ក្រោយពីសហព័ន្ធបាល់ទាត់អង់គ្លេស សម្រេចចិត្តបង្កើតពានរង្វាន់ កីឡាករដែល​បញ្ជូនបាល់ឲ្យមិត្តរួមក្រុម ទាត់បញ្ចូលទីច្រើនជាងគេ​ Playmaker Award រួចមក ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne របស់ក្រុមមេឃខៀវ Manchester City អាចនឹងក្លាយ​ជាកីឡាករ ដំបូងដែលឈ្នះពានមួយនេះ។

នេះគឺជារឿងថ្មីមួយទៀតហើយ សមរាប់ក្របខណ្ឌ Premier League ដោយបង្កើតឲ្យមានទាំងពាន កីឡាករទាត់បញ្ចូលទីច្រើនជាងគេ​ Golden Boot, ពានអ្នកចាំទីសង្រ្គោះបាល់បានច្រើនជាងគេ Golden Glove និងចុងក្រោយនេះ បង្កើតពានរង្វាន់ថ្មី Playmaker Award សម្រាប់កីឡាករដែលបញ្ជូនបាល់ឲ្យមិត្ត​រួមក្រុមទាត់បញ្ចូលទីច្រើនជាងគេបំផុតពេញមួយរដូវកាល។ ក្នុងនោះដែរ Kevin de Bruyne របស់ក្រុម Manchester City រំពឹងថា រូបគេនឹងបង្កើតកំណត់ត្រា​ជាកីឡាករដែលឈ្នះពាន Playmaker Award ដំបូងគេនេះ បន្ទាប់ពីកីឡាករ​ប៊ែលហ្ស៊ិករូបនេះ កំពុងតែនាំមុខគេ ជាអ្នកបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតច្រើនជាង​គេ។

គិតត្រឹមសប្តាហ៍ទី ៣៤ ជិតបញ្ចប់រដូវកាលនេះ De Bruyne បោះឲ្យមិត្តរួមក្រុមស៊ុតបាន ១៥គ្រាប់ ឈរលើគេ តាមពីក្រោយដោយ មិត្តរួមក្រុម២រូប Leroy Sane ១២គ្រាប់ និង David Silva បោះបាន ១១គ្រាប់ ខណៈ Dele Alli របស់ Spurs និង Paul Pogba របស់ Man Utd បោះបានម្នាក់ ១០គ្រាប់ ចំណែក Top Scorer កីឡាករ Mohamed Salah វិញ បាន ៩គ្រាប់។

ដូច្នេះហើយ ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne អាចនឹងក្លាយជាកីឡាករ​នៅ Premier League ដំបូងគេបំផុត ក្នុងការក្តាប់ពាន កីឡាករបោះបាល់ឲ្យមិត្តរួ​ម​ក្រុមស៊ុតច្រើនជាងគេ Playmaker Award រដូវកាលនេះ។

មតិយោបល់