កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ អ្នកប្រដាល់កំពស់មិនសូវបាន យុគ យក្សផ្លែ បានផ្តួលត្រកូលអ្នកប្រដាល់ បឺត សង្ឃឹម ឲ្យសន្លប់ធំ នៅទឹកទី៣ បន្ទាប់ពីខ្លួនបានបែកចញ្ចើមយ៉ាងវែង នៅទឹកទី២ នឹងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ TV5 BOXING KNOCK OUT SERIES (K-Cement)។
អ្នកទាំងពីបានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញតាំងពីទឹកទី១ មកម្លេះ ដោយសារតែកម្មវិធីនេះ តម្រូវឲ្យតែ ៣ ទឹកប៉ុណ្ណោះ។ នៅទឹកទី២ បឺត សង្ឃឹម បានឆ្មក់កែង ឆ្វេង ស្តាំ ជាច្រើនទៅលើ យុគ យក្សផ្លែ រហូតធ្វើឲ្យបែកចញ្ចើមខាងឆ្វេងយ៉ាងធំ ធ្វើឲ្យលោកគ្រូពេទ្យមកពិនិត្យ ២ ដង តែអាចឲ្យបន្តការប្រកួតទៀតបាន។ ក៏ព្រោះតែ យុគ យក្សផ្លែ គិតថា ដូចជាចាញ់ព្រាប ទើបខំប្រឹងវាយប្តូ នឹងសម្រុកយ៉ាងខ្លាំង ហើយបានវាយមួយដៃ ចំពេញផ្ទៃមុខ បឺត សង្ឃឹម សន្លប់ធំ ទោះអាជ្ញាកណ្តាលលោក អូហ ពូថង រាប់ដល់ ១០ ក៏មិនអាចក្រោកបានដែរ។
ក្រៅពីគូនេះ ក៏នៅមានជំនួបក្នុងពានរង្វាន់ខាងលើមួយទៀតដែរ ដោយកីឡាករវ័យក្មេង ធន់ មករា បានផ្តួលរាមច្បង ម៉ន រដ្ឋា នៅទឹកទី២ ផងដែរ ដោយបានវាយមួយកែងចំក្រោងច្រមុះ។ នេះគឺជារដូវកាលទី ២ សម្រាប់ពានរង្វាន់មួយនេះ ដោយមានកីឡាករចំនួន ៣២ នាក់ ចូលរួមប្រកួតដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
ដូច្នេះហើយ យុគ យក្សផ្លែ នឹង ធន់ មករា នឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែល ពានរង្វាន់ TV5 នេះធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ នាសង្វៀនព្រែកកំពិស ចាប់ពីវេលាម៉ោង ៥:០០ នាទី ល្ងាចតទៅ៕
យុគ យក្សផ្លែ (ក្រហម) Vs បឺត សង្ឃឹម (ខៀវ)
ម៉ន រដ្ឋា (ក្រហម) Vs ធន មករា (ខៀវ)
មតិយោបល់