ភ្នំពេញៈ ការប្រកួតបាល់ទាត់កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០១៦ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមទីម័រ ត្រូវគេកត់សម្គាល់ថា ទាក់ទាញអ្នកទស្សនាប្រមាណជិត៦ម៉ឺននាក់ ឲ្យកកកុញពេញពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនោះក្រៅពីមិនមានកន្លែងឈរទស្សនាហើយ ក៏មានអ្នកអត់សំបុត្រជាច្រើននៅឈរកកក្ដាំងច្រូងច្រាំងនៅខាងក្រៅផងដែរ។ ជាមួយនឹងលទ្ធផលកម្ពុជា សុីទីម័រ ២-០ បានធ្វើឲ្យអ្នកគាំទ្រកាន់តែមានកម្លាំងចិត្តជាមួយនឹងការចំណាយពេលរបស់ពួកគេ។
មន្ត្រីអ្នករៀបចំ បានប្រកាសថា អ្នកគាំទ្រច្រើនជាង៥ម៉ឺននាក់ បានមកគាំទ្រការប្រកួត ដែលជាចំនួនខ្ពស់មួយសម្រាប់ការប្រកួតមិត្តភាពរវាងក្រុមកម្ពុជា និងបរទេស។ កីឡាករចំនួន៣២រូប គ្រូបង្វឹកមួយរូប និងជំនួយការគ្រូបង្វឹកមួយរូប ក៏ទទួលបានក្នុងម្នាក់ ១ពាន់ដុល្លារផងដែរ ពីសម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។
នៅក្នុងបរិវេណស្ដាតអូឡាំពិក គេឃើញអ្នកគាំទ្រកកកុញ ដោយកន្លែងចតម៉ូតូ និងរថយន្ត ត្រូវបានបិទ ដោយសារតែអ្នកទស្សនាមកច្រើនហួសពីការស្មាន។ ព្រឹត្តិការណ៍នេះ ក៏ត្រូវគេកត់សម្គាល់ថា កកក្ដាំងតាំងពីម៉ោង២រសៀល ដោយសារតែ ពេជ្រ សោភា និងលោក ដេវីដ ម្ចាស់បទ «រាំញីកែងជើង» ទៅច្រៀងរាំបទនោះ នៅលើទីលានបាល់ទាត់ នៅមុនការប្រកួតនោះផងដែរ។
ក្រុមមន្ត្រីបច្ចេកទេស ក៏បានប្រកាសថា សំលៀកបំពាក់មួយឈុតដែលក្រុមកីឡាករកម្ពុជា បានប្រើក្នុងពេលប្រកួតជាមួយក្រុមទីម័រនោះ ក៏ជាឯកសណ្ឋានថ្មី ដែលទើបឌីហ្សាញ និងបានបោះពុម្ពយកមកប្រើ ដែលមានន័យថា ក្រុមកម្ពុជា បានឈ្នះក្រុមទីម័រ ដើម្បីសម្ពោធឯកសណ្ឋានថ្មី៕
https://youtu.be/DojilHHzzuo
https://youtu.be/qhTBqtGsCFM
https://www.youtube.com/watch?v=-hsEtHuwAGM
មតិយោបល់