ព័ត៌មានជាតិ

សន្តិសុខឯជន ២នាក់ វាយតបគ្នា បណ្តាលឲ្យរងរបួសទាំងសងខាង

ភ្នំពេញៈ សន្តិសុខឯជនក្រុមហ៊ុន ខេ វ៉ុន ដែលយាមនៅក្នុងក្រុមហ៊ុនលីហួរ ២នាក់ បានឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការវាយតបគ្នា ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចក្នុងក្រុមហ៊ុនលីហួរ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ជនបង្កមានឈ្មោះ យៃ សុខដឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាសន្តិសុខឯជនក្រុមហ៊ុន ខេ វ៉ុន ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកមានស្រុកកំណើត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកឯរងគ្រោះមានឈ្មោះកង វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខឯជនក្រុមហ៊ុន ខេ វ៉ុន ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កខាងលើ រួមទាំងសន្តិសុខប៉ុន្មាននាក់ទៀត បានធ្វើការយាមកាមនៅក្រុមហ៊ុនលីហួរខាងលើជាធម្មតា។ លុះដល់វេលាកើតហេតុ ស្រាប់តែជនរងគ្រោះ បានទៅដេកនៅលើប៉ៅអ៊ីនៅជាប់ទ្វារចក្រចូលក្រុមហ៊ុនលីហួរខាងលើ ខណៈដែលជនបង្កមកពីដើរល្បាតវិញ ឃើញជនរងគ្រោះកំពុងដេក។ ជនបង្កក៏បានទៅដាស់ និងស្តីឲ្យជនរងគ្រោះ តែពេលនោះជនរងគ្រោះ ក៏បានងើបរួចហើយក៏ដេកទៅវិញ បន្ទាប់មកជនបង្កក៏វាយជនរងគ្រោះមួយដៃចំភ្នែកខាងស្តាំ ទើបបង្កឲ្យជនរងគ្រោះខឹងក៏វាយតបតទៅវិញទៅមក បណ្តាលឲ្យជនបង្ករងរបួសខៀវភ្នែកខាងឆ្វេង ចំណែកឯជនរងគ្រោះរងរបួសខៀវភ្នែកខាងស្តាំ បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ។

បើតាមសម្តីពីជនបង្ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើការដើរល្បាតក្នុងក្រុមហ៊ុនលីហួរខាងលើ លុះដល់វេលាកើតហេតុ ក៏មានរថយន្តបើកចូលមកក្នុងក្រុមហ៊ុន តែមិនឃើញជនរងគ្រោះបើកទ្វារឲ្យរថយន្តចូលនោះទេ។
បន្ទាប់មកគាត់ក៏រត់ទៅបើកទ្វារឲ្យរថយន្តចូលមកក្នុងក្រុមហ៊ុន ហើយក៏ឃើញជនរងគ្រោះកំពុងដេកនៅលើប៉ៅអីជិតទ្វារ ពេលនោះគាត់ ក៏បានដើរទៅដាស់ប្រាប់មិនឲ្យដេក នៅក្នុងម៉ោងការងារ ស្រាប់តែជនរងគ្រោះ ងើបមកហើយក៏ដេកទៅវិញ ដោយមិនស្តាប់គាត់នោះទេ បង្កឲ្យគាត់ខឹងនិងជនរងគ្រោះ ហើយក៏វាយមួយដៃ ទើបបណ្តាលឲ្យមានកើតជាករណីហិង្សាវាយតបគ្នាតែម្តងទៅ។

បើតាមសម្តីពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ដើរល្បាត នៅក្នុងក្រុមហ៊ុនខាងលើ ហើយដោយគាត់អស់កម្លាំងពេក ព្រោះគាត់ធ្វើការជាសន្តិសុខយាមពីរកន្លែង ហើយគាត់ក៏បានសង្ងំដេកមួយសន្ទុះទៅ។ បន្ទាប់មកស្រាប់តែជនបង្កដើរមក ហើយវាយគាត់មួយដៃ រួចគាត់ក៏វាយតបតទៅវិញតែម្តងទៅ។ ជនរងគ្រោះបានបន្តថា ពីមុនជនបង្កក៏ធ្លាប់ប្រើអំពើហិង្សាដាក់មកលើរូបគាត់ ពីរបីម្តងរួចមកហើយ តែគាត់មិនតបតទៅវិញនោះទេ រហូតមកវេលាកើតហេតុ ដោយគាត់ទ្រាំលែងបាន ក៏វាយតបតទៅម្ដងទៅ។

ក្រោយពេលកើតហេតុសន្តិសុខទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួន ទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលដ្ឋានទួលសង្កែទី២ ហើយដោយភាគីទាំងពីរមិនបានប្តឹងផ្ដល់គ្នានោះទេ គឺបានសម្របសម្រួលគ្នា បញ្ចប់រឿងនៅនិងប៉ុស្តិ៍សមត្ថកិច្ច៕

មតិយោបល់