បន្ទាប់ពីលេចលឺពត៌មានជាច្រើន នាពេលកន្លងមក ចំពោះពាក្យចរចាមអារាមថា ក្រុម Real Madrid កំពុងតែត្រៀមលក់ចេញខ្សែប្រយុទ្ធបារាំង Karim Benzema និងខ្សែប្រយុទ្ធវែល Gareth Bale នោះ លោក Zinedine Zidane បានចេញមុខបកស្រាយទាក់ទងនឹងបញ្ហានេះ។
បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane ទទួលស្គាល់ថាក្លិបនឹងទិញកីឡាករចំណូលថ្មីដើម្បីមកពង្រឹងក្លិប តែលោកបដិសេធ ចំពោះការលក់ Karim Benzema និង Gareth Bale នៅរដូវកាលក្រោយនេះ។ លោក Zidane បានប្រាប់អ្នកសារពត៌មានថា៖ ជាការពិតដែលក្លិប ត្រូវតែនាំយកកម្លាំងថ្មី មកពង្រឹងក្លិប ក្នុងការប្រជែងពាន នៅរដូវកាលកាលបន្ទាប់នេះ ក៍ប៉ុន្តែ ក្លិបក៍ត្រូវតែគិតគូ ពីកីឡាករដែលត្រូវលក់ចេញ និងរក្សាទុកដែរ។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានឲ្យដឹងទៀតថា៖ ចំពោះ Benzema និង Bale ក្លិបមិនលក់ចេញឡើយ បើទោះបីជាពួកគេទាំងពីរ ធ្លាក់ទម្រង់លេង មិនដូចមុនក្តី តែកីឡាករទាំងពីរនេះ សំខាន់ខ្លាំងណាស់ ចំពោះក្លិបដែលមិនអាចលក់ចេញបានឡើយ។ អ្វីដែលសំខាន់នោះ ទាំង Karim Benzema និង Gareth Bale សុទ្ធសឹងជាដៃគូមិនអាចខ្វះបានរបស់ខ្សែប្រយុទ្ធសំណាងក្លិប Cristiano Ronaldo ។
ដូច្នេះហើយ បើតាមសម្តីលោក Zinedine Zidane ខាងលើនេះ បង្ហាញឲ្យឃើញថា ក្រុម Real Madrid នៅតែរក្សាគោលជំហរមិនលក់ ខ្សែប្រយុទ្ធសំខាន់ទាំងពីររូបនេះឡើយ តែក្លិបត្រូវតែទិញកម្លាំងថ្មីបន្ថែម យកមកពង្រឹងក្លិប។



មតិយោបល់