Post News Media អចលន​ទ្រព្យ រថភ្លើងប៉ោយប៉...

រថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ ដាក់ដំណើរការ ជាបណ្តោះអាសន្នហើយ

រថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ បានដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ ជាមួយនឹងកាដូពិសេស ជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអនុញ្ញាតឲ្យផ្ទុកមនុស្ស ១០០នាក់ ទាំងឈរ និងអង្គុយ ផ្តល់សេវា មួយថ្ងៃ ៣ជុំ ស្មើនឹង ៦ ជើងទៅមក។

យ៉ាងណាមិញគម្រោងតភ្ជាប់ផ្លូវរថភ្លើង កម្ពុជា-ថៃ នឹងត្រូវពន្លឿនដើម្បីបញ្ចប់ទាំងស្រុង នៅឆ្នាំ ២០១៨ខាងមុខនេះ ពោលគឺ គ្រោងនឹងបញ្ចប់ត្រឹមខែកក្កដា ឲ្យបានមុនបោះឆ្នោត ដើម្បីបើកឱ្យដំណើរការឡើងវិញនូវខ្សែរថភ្លើងនៅភាគខាងជើងប្រទេស។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង សាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងនឹងខិតខំជំរុញផ្លូវដែកភាគខាងជើង ឱ្យបានចប់នៅខែកក្កដា ឆ្នាំ២០១៨ នេះ ដែលនៅសល់ប្រវែង ១៤០គីឡូម៉ែត្រទៀត ដែលកំពុងតែកែលម្អ និងជួសជុល ដើម្បីឱ្យដំណើរការផ្លូវដែកឡើងវិញចាប់ពីភ្នំពេញទៅប៉ោយប៉ែត។

យ៉ាងណាមិញ គម្រោងស្ថាបនាផ្លូវដែកនេះ ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ មានការយឺតយ៉ាវ ហើយក្រសួង ក៏កំពុងតែជំរុញដល់ក្រុមហ៊ុនធ្វើយ៉ាងណា ធ្វើឱ្យបានរួចរាល់នៅដំណាច់ ឆ្នាំ២០១៨នេះ។

ផ្លូវរថភ្លើងតភ្ជាប់កម្ពុជា-ថៃ ដែលបានផ្អាកដំណើរការអស់ជាង ៣០ឆ្នាំមកហើយ កំពុងត្រូវបានជួសជុល ជាពិសេស នៅត្រង់កំណាត់ក្នុងខេត្តបន្ទាយមានជ័យ តភ្ជាប់ពី ប៉ោយប៉ែត ទៅ សាកែវ ប្រទេសថៃ។

ផ្លូវរថភ្លើងនេះ ត្រូវផ្អាកដំណើរការដោយសារសង្រ្គាម និងវិបត្តិផ្សេងៗ ហើយការស្តារឡើងវិញនេះ នឹងជម្រុញដល់ការដឹកជញ្ជូនគ្រប់រូបភាព ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្តាញផ្លូវដែកកម្ពុជា ទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន។

ក្រោយពេលផ្លូវដែកនេះដំណើរការ វានឹងជួយកាត់បន្ថយថ្លៃសេវាដឹកទំនិញ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ និងការដឹកទំនិញតាមផ្លូវជាតិ ហើយវាក៏ជម្រុញកំណើន និងពង្រីកទំហំសេដ្ឋកិច្ចរវាងទាំងពីរដល់ ១៥ពាន់លានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

គួររំលឹកដែរថា ផ្លូវដែកចាប់ពីភ្នំពេញ ដល់ក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តជួសជុល និងសាងសង់ផ្លូវដែក រហូតដល់ទីរួមខេត្តបាត់ដំបង និងរហូតដល់ស្ថានីយ៍រថភ្លើងភ្នំពេញផងដែរ៕