បើទោះបីជាក្រុមសេះបង្កង់ Juventus បើកកីឡារដ្ឋានទទួលក្រុម Young Boys ដោយមិនមានវត្តមានកំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo ក៍ដោយ តែក្រុមដែលមានមូលដ្ឋាននៅតំបន់ Turin មួយនេះនៅតែធ្វើបានយ៉ាងល្អដដែល។
ក្នុងនោះដែរ កីឡាករអាហ្សង់ទីន ដែលចាប់ផ្តើមរដូវកាលមិនសូវបានល្អកន្លងមកនេះ Paulo Dybala បែរជាធ្វើបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការជួយក្រុម Juventus យកឈ្នះក្រុម Young Boys ក្នុងលទ្ធផល ៣-០ ។ តាមរយៈការស៊ុតយ៉ាងល្អបែបនេះ Juventus ឡើងឈរកំពូលតារាងនៃពូល H ដោយមាន ៦ពិន្ទុ ខណៈ Man Utd មានត្រឹម ៤ពិន្ទុ Valancia មាន ១ពិន្ទុ និង Young Boys មិនទាន់មានពិន្ទុឡើយ។ គួរបញ្ជាក់ផងដែរថា ប្រកួតក្រោយក្រុមសេះបង្កង់ Juventus នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Old Trafford របស់ក្រុមបិសាចក្រហម Manchester United ខណៈ Cristiano Ronaldo ក៍មានវត្តមានក្នុងការប្រកួតនោះដែរ។
ដូច្នេះហើយ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានដើរតួនាទីយ៉ាងសំខាន់ឲ្យក្រុមជើងឯកអ៊ីតាលី Juventus ដោយមិនមានវត្តមានរបស់កីឡាករសំខាន់ Ronaldo ឡើយ។
មតិយោបល់