ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងប្ដីប្រពន្ធ២នាក់ទៀតរងរបួស ខណៈពេលបើកម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ចំកន្លែងតែមួយនោះបន្តបន្ទាប់គ្នា ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតមានឡើងត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបសួនច្បារក្ដាន់២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីកែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ហេតុការណ៍ទី១កើតឡើង ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងជោកជាំ មានបុរសវ័យប្រហែល២៨ឆ្នាំម្នាក់ បើកបរម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-1821 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្ទើរទាំងស្រុង។ ចំណែកឯអ្នកបើកបររងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវ។ ដោយឡែកក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាតបែកឆ្កូតបន្តិចបន្តួច។ ក្រោយមកសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែង និងស្រាវជ្រាវរកសាច់ញាតិ ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ដោយតម្កល់ទៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិ ។
ចំណែកឯហេតុការណ៍ទី២ កើតឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ខណៈពេលមេឃកំពុងរលឹមភ្លៀងស្រិចៗ មាន២នាក់ប្ដីប្រពន្ធបើកបររថយន្ត មួយគ្រឿងដឹកសម្ភារៈគ្រឿងសង្ហារឹម ធ្វើអំពីឈើ ពេញសាំយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើនោះ ស្រាប់តែរេចង្កូតទៅ ជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ រីឯរបាំងថ្មបាក់អស់១កង់ផងដែរ។ ចំណែកឯបុរសជាប្ដីរបួសធ្ងន់ចំដើមទ្រូងរីឯស្ត្រីជាប្រពន្ធបានខ្ទាតបោកនិងកញ្ចក់រថយន្តរបួសបែកក្បាល ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះនិងព្យាបាលភ្លាមៗផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងនិងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការបន្ត និងស្វែងរកសាច់ញាតិ បន្តទៀត។
គួរបញ្ជាក់ថានៅពេលកន្លងមក ត្រង់ចំណុចកើតហេតុខាងលើគឺរបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវនោះ តែងតែមានអ្នកដំណើរបើកទៅបុកជារឿយៗ ព្រោះមិនមានស្លាក ឬចំណាំងផ្លាតអ្វីនោះទេ៕
មតិយោបល់