ព័ត៌មានកីឡា

៨ប្រកួតចុងក្រោយ អ៊ីតាលី មិនដែលចាញ់អាល្លឺម៉ង់ទេ ចុះយប់នេះ?

បើគិតត្រឹមរយៈពេល៨ប្រកួតចុងក្រោយមកនេះ ក្រុម អ៊ីតាលី មិនដែលស្គាល់បរាជ័យជាមួយក្រុម អាល្លឺម៉ង់ នោះទេ ដោយស្មើ៤ដង និងឈ្នះ៤ដង ខណៈដែលម៉ោង២រំលងអធ្រាត្រនេះ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នាម្ដងទៀតក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2016។

សម្រាប់ជើងកីឡាករក្រុមអាល្លឺម៉ង់ពេញជើងតែម្ដងក្នុងការប្រកួតនៅយប់នេះ ដោយមិនមានកីឡាករណាម្នាក់រងរបួសនោះទេ។ ជម្រើស១១នាក់ដំបូងយប់នេះអាចជា Neuer; Kimmich, Boateng, Hummels, Höwedes; Kroos, Khedira; Müller, Özil, Draxler; Gomez ។ Boateng, Hummels, Khedira, Kimmich, Özil សុទ្ធតែទទួលបានកាតលឿងម្ដងរួចមកហើយ ដូច្នេះប្រសិនបើយប់នេះ អាល្លឺម៉ង់ ឈ្នះ ហើយកីឡាករប៉ុន្មាននាក់នេះទទួលបានកាតលឿងទៀត នោះពួកគេមិនអាចចូលលេងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទេ។

អីតាលី និងអវត្តមានកីឡាករសំខាន់២នាក់គឺ Candreva និង Thiago Motta ខណៈដែល De Rossi វិញ មិនទាន់ច្បាស់នៅឡើយ។ អ៊ីតាលីមានកីឡាករ១១នាក់ ហើយដែលបានកាតលឿង គឺ Barzagli, Bonucci, Buffon, Chiellini, De Rossi, De Sciglio, Éder, Insigne, Pellè, Sirigu, Zaza ដូច្នេះប្រសិនបើយប់នេះ អ៊ីតាលីឈ្នះ ហើយកីឡាករប៉ុន្មាននាក់នេះទទួលបានកាតលឿងទៀតនោះ ពួកគេមិនអាចចូលលេងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទេ។ ជម្រើស១១នាក់ដំបូងនៅយប់នេះអាចជា Buffon; Barzagli, Bonucci, Chiellini; Florenzi, Sturaro, Parolo, Giaccherini, De Sciglio; Pellè, Éder ។

អ្វីដែលត្រូវដឹង៖ ម្ចាស់ជើងឯក World Cup 2014 អាល្លឺម៉ង់ ជាក្រុមខ្លាំង នឹងធ្លាប់លើកពាន Euro ពានដល់ទៅ៣សម័យកាលនៅឆ្នាំ (១៩៧២, ១៩៨០, ១៩៩៦) រីឯអ៊ីតាលីវិញ ក៏មិនធម្មតាដែរ ពោលគឺធ្លាប់លើកពានបានម្ដង កាលឆ្នាំ១៩៦៨ និងធ្លាប់រងជើងឯក២ដង នៅឆ្នាំ (២០០០, ២០១២)។

-អាល្លឺម៉ង់ មិនដែលឈ្នះអ៊ីតាលីទេ ក្នុងជំនួបគ្នាពានរង្វាន់ធំៗ ៨ប្រកួតចុងក្រោយ (ស្មើ៤, ចាញ់៤)។ បរាជ័យទាំង៤ប្រកួតរបស់អាល្លឺម៉ង់ គឺសុទ្ធតែចាញ់នៅវគ្គ Knockout Stages (World Cup semi-final 1970, final 1982, semi-final 2006) និង Euro semi-final 2012។

– អាល្លឺម៉ង់ ឡើងដល់វគ្គ Semi-Finals ទាំង៥ដង ក្នុងការបង្ហាញខ្លួននៅពានរង្វាន់ធំ៥លើកចុងក្រោយ (World Cup 2006, 2010, 2014 និង Euro 2008, 2012)។

-អាល្លឺម៉ង់ ជាក្រុមតែ១គត់ ដែលមិនទាន់របូតគ្រាប់បាល់សោះនៅ Euro 2016 នេះ។ ប៉ុន្តែ អ៊ីតាលី ជាក្រុមដែលអាចរក្សា Clean Sheets បាន១៩ដង ក្នុង៣៧ប្រកួតចុងក្រោយនៅ Euro ជាប់កំណត់ត្រាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ៕

មតិយោបល់