ព័ត៌មានកីឡា

មនុស្សជាង១០ម៉ឺននាក់ឈរកណ្ដាលភ្លៀង សុំឱ្យ Messi លេងជម្រើសជាតិវិញ

អាហ្សង់ទីនៈ អ្នកគាំទ្រជាង១០ម៉ឺននាក់បានឈរកណ្ដាលភ្លៀងនៅមុខវិមាន Obelisco នៅប្រទេសអាហ្សង់ទីន ដើម្បីបង្ហាញទឹកចិត្តក៏ដូចជាចង់លួងលោមខ្សែប្រយុទ្ធ Lionel Messi ឱ្យត្រលប់ទៅលេងឱ្យក្រុមជម្រើសជាតិវិញ។

បន្ទាប់ពីចាញ់ក្រុម ឈីលី នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America នៅអាមេរិកកាលពីពេលថ្មីៗនេះ កីឡាករ Messi បានប្រកាសថាខ្លួនសុំចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនហើយ ព្រោះមិនអាចជួយក្រុមលើកពានរង្វាន់បាន។ ការសម្រេចចិត្តនេះហើយបានធ្វើឱ្យមតិទូទៅ ជាពិសេសអ្នកគាំទ្រផ្ទាល់ហាក់មិនយល់ស្របនោះទេ ដោយពួកគេចង់ឃើញខ្សែប្រយុទ្ធរបស់ក្រុម Barcelona រូបនេះនៅលេងឱ្យជម្រើសជាតិបន្ដ។

យ៉ាងណាមិញកាលពីម្សិលមិញនេះ មានអ្នកគាំទ្រអាហ្សង់ទីនរាប់ម៉ឺននាក់បានឈរចាំកណ្ដាលភ្លៀងនៅមុខវិមាន Obelisco របស់អាហ្សង់ទីន ដើម្បីជាការសុំចិត្ត ក៏ដូចជាលួងលោម Messi មិនឱ្យចូលនិវត្តន៍ទេ ពោលចង់ឃើញរូបគេជួយក្រុមបន្ដទៀត។ អ្នកគាំទ្រទាំងអស់នោះ បានស្រែកយ៉ាងខ្លាំង អំឡុងពេលឈរកណ្ដាលភ្លៀងនោះថា៖ “មានពាក្យមួយឃ្លាដែលយើងចង់និយាយ … មាន Messi ជារៀងរាល់៥០០លានឆ្នាំ ហើយយើងនឹងរីករាយបើដូច្នេះមែន ដូច្នេះយើងសប្បាយចិត្តដែលរស់នៅ នៅពេលនេះ”។

Lionel Messi ជាកីឡាករជោគជ័យខ្លាំងបំផុត ដោយបានបាល់ Ballon dOr ដោយទៅ៥សម័យកាលឯណោះ ក៏ដូចជាជួយក្រុមអាជីព Barcelona លើកពានមិនតិចនោះទេ។ យ៉ាងណាមិញចំពោះជម្រើសជាតិវិញ រូបគេបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America បាន៣ដងមកហើយ ២០០៧, ២០១៥, ២០១៦ ហើយ World Cup បានម្ដងទៀតនៅឆ្នាំ២០១៤ ប៉ុន្តែមិនអាចលើកពានបាននោះទេ៕

មតិយោបល់