ព័ត៌មានកីឡា

អតីតយុវជន Barcelona ក្លាយជាកីឡាករវ័យក្មេងបំផុតនៅលីគកំពូល​ជប៉ុន

កីឡាករ Takefusa Kubo វ័យ១៦ឆ្នាំ កំពុងតែក្លាយជាកីឡាករដែលមានវ័យក្មេងបំផុត ក្នុងប្រវត្តិ​សាស្ត្រ J-League ក្របខ័ណ្ឌកំពូលរបស់ប្រទេសជប៉ុន។

ថ្វីបើមិនបានលេងឲ្យក្រុមធំៗ នៅជប៉ុនក៍ដោយ តែកីឡាករវ័យក្មេងល្ហក់ Takefusa Kubo អតីតយុវជនរបស់ក្រុមយក្សអេស្ប៉ាញ Barcelona កំពុងតែក្លាយជាទីចាប់អារម្មណ៍របស់ ប្រជាជាតិអាស៊ី។ Kubo គឺជាកីឡាករជប៉ុន វ័យក្មេងដំបូងគេបំផុតដែលបានចូល​លេងឲ្យក្រុម FC Tokyo នៃលីគកំពូលរបស់ជប៉ុន ព្រោះថាកីឡាកររូបនេះទើបមានវ័យ១៦ឆ្នាំប៉ុណ្ណោះ ខណៈកី​ឡាករផ្សេងៗទៀត ទាល់តែមានអាយុចាប់ពី១៨ ឆ្នាំឡើងទើប​អាចចូលលេងក្នុងលីគកំពូលបាន។

Kubo បានចាប់ផ្តើមប្រលូកក្នុងវិស័យបាល់ទាត់ដំបូង ក្នុងឆ្នាំ ២០០៨ ដោយលេងឲ្យក្រុមថ្នាល FC Persimmon រហូតដល់ឆ្នាំ ២០១០-២០១១ Kubo បានចូលទៅលេងឲ្យ​យុវជនរបស់ក្រុមកំពូល Kawasaki Frontale ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ Takefusa Kubo ត្រូវបានថ្នាលបណ្តុះបណ្តាលយុវជនរបស់ក្រុម Barcelona ហៅឲ្យទៅលេង នៅទីនោះចាប់ពីឆ្នាំ ២០១១-២០១៥ ។ ដោយសារតែកីឡាកររូបនេះ នៅវ័យក្មេងពេកមិនអាចឲ្យឈុតធំ Barcelona ជ្រើសឲ្យលេងឡើយ តម្រូវឲ្យកីឡាករវ័យក្មេងរូបនេះ មក​រកក្រុមលេងដើម្បីពង្រឹងសមត្ថភាព ក្នុងទីលានបន្ថែមទៀត។

ហេតុនេះហើយ នៅឆ្នាំ ២០១៥ Kubo បានមកលេងឈុត U-២៣ ឲ្យក្រុម FC Tokyo នងបានវិវត្តន៍មកលេងឈុតធំ FC Tokyo នៅក្នុងឆ្នាំ ២០១៧​ នេះតែម្តង។ ម្យ៉ាងវិញទៀត Takefusa Kubo ក៍ស្ថិតក្នុងបញ្ជីកីឡាករ U-២៣ របស់ជប៉ុនផងដែរ។ បើតាម Asia Sports បានឲ្យដឹងថា Takefusa Kubo នឹងត្រូវក្រុម Barcelona ជ្រើសយកទៅលេងឈុតធំ របស់ក្លិបយក្សអេស្ប៉ាញមួយនេះ ប្រសិនបើកីឡាករវ័យ១៦​ឆ្នាំរូបនេះ មានការរីកចម្រើនយ៉ាងល្អនោះ។

ដូច្នេះហើយ Takefusa Kubo កំពុងតែរៀបចំខ្លួនឲ្យបានល្អ និងសាកសមជាកីឡាករដ៍ឆ្នើមមួយរូប ដើម្បីក្លាយខ្លួនជាកីឡាករជប៉ុន និងអាស៊ីដំបូង ដែលបានប្រកបអាជីពនៅក្រុមកំពូល Barcelona ។

មតិយោបល់