ក្រុមព័រទុយហ្គាល់នឹងត្រូវតតាំងជាមួយវែលនៅម៉ោង២រំលងអាធ្រាត្រយប់នេះហើយ ក្នុងការប្រកួតពានរង្វាន់ Euro 2016 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ អ្វីដែលគេចាប់អារម្មណ៍ និងកំពុងតែដាក់ចម្ងល់នោះមុនប្រកួតនេះ គឺតើក្រុមព័រទុយហ្គាល់អាចនឹងដាក់ Pepe លេងបានឬអត់ ព្រោះកីឡាកររូបនេះមិនបានចូលហ្វឹកហាត់ទេ ហើយក៏មានដំណឹងថារងរបួសផងដែរ។
លោក Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់បាននិយាយចំពោះរឿងនេះថា លោកសុំមិនឆ្លើយចំពោះរឿង Pepe ទេ។ វាជារឿងសម្ងាត់របស់ក្រុមដែលត្រូវលាក់ទុក សម្រាប់ជាជ័យជម្នះទៅលើក្រុមវែល។ បើឆ្លើយ អ្នកទាំងអស់គ្នាប្រហែលអាចមិនមើលការប្រកួត ប៉ុន្តែបើមិនឆ្លើយអ្នកទាំងអស់គ្នានឹងតាមដានបន្តទៀត។
ទាក់ទិននឹងរឿងកីឡាកររបួសនេះដែរ ក្រុមព័រទុយហ្គាល់នឹងបាត់បង់ខ្សែបម្រើម្នាក់ទៀតដែរគឺ William Carvalho ដោយសារតែកីឡាកររូបនេះជាប់ពិន័យកាតលឿង២ដង។ ខណៈដែល Pepe នោះ កំពុងតែគ្មាននរណាអាចដឹងថារូបគេលេងបានឬអត់នោះទេ។
ចំពោះក្រុមវែលវិញ គឺគ្មានអ្វីត្រូវលាក់លៀមនោះទេ ព្រោះខ្សែបម្រើ Aaron Ramsey ខ្សែការពារ Ben Davies ស៊ុតតែត្រូវអវត្តមានក្នុងប្រកួតមួយនេះ ដោយសារតែបានកាតលឿង២ដង។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនេះធ្លាប់ជួបគ្នា៣ដងមកហើយ ប៉ុន្តែមិនដែលប៉ះក្នុងប្រកួតផ្លូវការនោះទេ។ ដោយ៣ដងនោះ ព័រទុយហ្គាល់ឈ្នះ២ដង និងវែលឈ្នះបានម្ដង។ ហើយការប៉ះគ្នាចុងក្រោយនោះ នៅឆ្នាំ២០០០ ព័រទុយហ្គាល់ឈ្នះ៣-០ ។
ព័រទុយហ្គាល់
ព័រទុយហ្គាល់បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបាន៥ដងមកហើយ បូលរួមទាំងលើកនេះ ប៉ុន្តែមិនដែលបានលើកពាននោះទេ ដោយត្រឹមតែបានលេខ២ម្ដងនៅឆ្នាំ២០០៤កន្លងទៅ។ ក្រុមមួយនេះ ក្រោមការដឹកនាំរបស់លោក Santos ១២ប្រកួត មិនទាន់ចាញ់ទេ ដោយស្មើ៤ដង ឈ្នះ៨ដង ក្នុងប្រកួតផ្លូវការ។
វែល
វែលជាក្រុមដែលរកបាន១០គ្រាប់ហើយក្នុងព្រឹត្តិការណ៍ Euro 2016 នេះ ដោយមានតែម្ចាស់ផ្ទះបារាំងទេ ដែលអាចធ្វើបានល្អជាងក្រុមមួយនេះ ដោយរកបាន១១គ្រាប់ គិតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ វែលទើបតែឡើងមកលេង Euro ឆ្នាំនេះទេ ប៉ុន្តែបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។ កីឡាករ Gareth Bale ជាខ្សែប្រយុទ្ធម្នាក់គត់ដែលស៊ុតចំគោលដៅបាន១៤ដង ច្រើនជាងគេបំផុត។
មតិយោបល់