លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់ខ្លួនពិតជាពិបាកក្នុងការស្វែងរកគ្រាប់បាល់ជាមួយអ្នកចាំទីដៃស្អិត Manuel Neuer ប៉ុន្តែអ្វីដែលត្រូវធ្វើក្នុងប្រកួតនៅយប់នេះគឺជ័យជម្នះ។
ម្ចាស់ផ្ទះបារាំងនឹងត្រូវប៉ះជាមួយក្រុមខ្លាំងអាល្លឺម៉ង់នៅវេលាម៉ោង២រំលងអាធ្រាត្រនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2016 ។ ហើយក្រុមដែលទទួលបានជ័យជម្នះនឹងត្រូវទៅប៉ះជាមួយព័រទុយហ្គាល់នៅវគ្គផ្ដាច់ព្រ័ត្រ។
មុនការប្រកួតចាប់ផ្ដើមនៅយប់នេះដែរ លោក Didier គ្រូបង្វឹកបារាំងបាននិយាយចំពោះទម្រង់លេងរបស់អ្នកចាំទី Neuer របស់អាល្លឺម៉ង់ថា៖ “គាត់ជាអ្នកចាំទីល្អលើលោក ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍រឿងនោះទេ។ វាពិតជាពិបាកក្នុងការរកគ្រាប់បាល់ ប៉ុន្តែអ្វីដែលកូនក្រុមខ្ញុំត្រូវធ្វើគឺរកជ័យជម្នះក្នុងផ្ទះខ្លួនឯងឱ្យបាន”។
នេះជាជំនួបគ្នាលើកទី៥ រវាងក្រុមទាំង២ ក្នុងការប្រកួតពានរង្វាន់ធំៗ ប៉ុន្តែជាលើកទី១ នៅពានរង្វាន់ Euro ។ បារាំង ឈ្នះអាល្លឺម៉ង់លើកដំបូង កាល World Cup ឆ្នាំ១៩៥៨ ខណៈដែលអាល្លឺម៉ង់ ឈ្នះ៣ប្រកួតបន្ទាប់ នៅ World Cup ឆ្នាំ (១៩៨២, ១៩៨៦, ២០១៤) ប៉ុន្តែជួបគ្នាមិត្តភាពលើកចុងក្រោយ កាលខែវិច្ឆិកា ឆ្នាំ២០១៥ថ្មីៗនេះ បារាំងបានយកឈ្នះអាល្លឺម៉ង់ ២-០៕
មតិយោបល់