ព័ត៌មានជាតិ

ត្រីនាំចូលពីប្រទេសថៃកំពុងសម្រុកកែច្នៃទៅជាណែមត្រី និងសង្វាក់

បាត់ដំបងៈ ប្រហិតត្រី ណែមត្រី និងសង្វាក់ ដែលកន្លងមកធ្លាប់តែមានឈ្មោះល្បីថាមានតែអ្នកបាត់ដំបងទេ ដែលចេះធ្វើឲ្យមានឱជារសឆ្ងាញ់ ដោយអាហារទាំងនេះត្រូវបានគេផលិតឡើងអំពីសាច់ត្រីរ៉ស់តែម៉្យាងគត់ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ និងកែច្នៃបែបផ្សេងទៅវិញ ដោយសារតែត្រីក្នុងបឹងទន្លេសាបមានអត្រាធ្លាក់ចុះផង និងមានតម្លៃ ខ្ពស់មិនអាចរកប្រាក់ចំណេញបាន ស្របពេលដែលអង្គភាពជំនាញតាមបណ្តាច្រកមួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ហាក់មានភាពធូរលុងយ៉ាងខ្លាំងផង ។

យោងតាមប្រភពមួយចំនួនដែលរស់នៅក្បែខ្សែបន្ទាត់ព្រំដែន ពិសេសគឺរស់នៅម្តុំក្បែច្រកតំបន់គីឡូ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា ត្រីដែលក្រុមឈ្មួញនាំមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកតំបន់នេះគឺភាគច្រើនមាន៣ប្រភេទ ដូចជាត្រីប្រា ត្រីទីឡាប់ស្យា និងត្រីត្រសក់ ដែលថៃតែងនិយមហៅថា( ប្លាតែងក្វា ) ដោយគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវនោះទេ គឺគេដាក់ចោលពាសវាលពាសកាល ទម្រាំតែរថយន្តមករៀបចំដឹកចូលទៅកាន់ក្រុងបាត់ដំបង ។ប្រភពដដែលនេះបានបន្ថែមទៀតថា នៅក្នុងចំណោមត្រីទាំងអស់នេះ គឺមិនអត់នោះទេចំពោះត្រីដែលអន់គុណភាព ដែលចាំបាច់ត្រូវតែក្លាសេទឹកកកឲ្យបានដិតដល់ និងជាប់ជាប្រចាំ ជៀសវាងការខូចគុណភាពនេះកាន់តែធ្ងន់ធ្ងរឡើងៗ ដោយធ្វើយ៉ាងណា ដឹកឲ្យបានដល់គោលដៅសិន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ជា វុទ្ធី ប្រធានសាខាគយប្រចាំច្រកតំបន់ គីឡូ១៣ នេះធ្លាប់បាននិយាយប្រាប់បណ្តាអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនថា រាល់ត្រីដែលខូចគុណភាពគឺក្រុមឈ្មួញគេមានច្បាប់ត្រឹមត្រូវ ដោយនាំយកទៅធ្វើជាចំណីឲ្យសត្វក្រពើសុី ដៅយឡែកត្រីដែលល្អៗគឺគេយកទៅលក់លើទីផ្សារជាធម្មតា ដោយមិនមានការកែប្រែយកទៅច្នៃធ្វើអ្វីបន្តទៀតនោះឡើយ ព្រោះក្រុមការងារដែលបានសហការជាមួយកំលាំង កាំកុងត្រូល បានត្រួតពិនិត្យយ៉ាងច្បាស់លាស់រួចហើយ ជៀសវាងការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ។

ទោះបីជាពាក្យនេះត្រូវបានអះអាងយ៉ាងច្បាស់លាស់ពីមន្ត្រីគយរូបនេះក៏ដោយ ក៏ប្រភពជាច្រើនបាន ធ្វើការរិះគន់ទៅលើអង្គភាពទាំងពីរដែលឈរជើងនៅទីនោះផងដែរ ដែលគេបានចោទប្រកាន់ថា មានការឃុបឃិយគ្នាជាមួយក្រុមឈ្មួញយ៉ាងពិតប្រាកដ ដើម្បីបិទភ្នែកឲ្យក្រុមរកសុីត្រីទាំងនេះបាននាំត្រីដែលមានគុណភាពមិនសូវល្អចូលក្នុងស្រុកព្រោះអីត្រីទាំងនេះ វាអាចមានតម្លៃធូរថ្លៃ និងអាចចំណេញច្រើនផងដែរ ។បានជាគេហ៊ាននិយាយបែបនេះ ព្រោះប្រភពមួយចំនួនគឺជាអ្នករស់នៅក្នុងតំបន់ដែលអ្នកភូមិភាគច្រើនប្រកបមុខរបរធ្វើណែមត្រី សង្វាក់សាច់ត្រី និងប្រហិតត្រីជាដើម។ល។ដែលគេបានឃើញជាក់ស្តែង ទៅលើរថយន្តដែលតែងតែដឹកត្រីទាំងនេះយកទៅបោះឲ្យម៉ូយដើម្បីយកទៅកែច្នៃធ្វើអ្វីផ្សេងៗទៅតាមតម្រូវការ ។

ដោយចង់ដឹងឲ្យកាន់តែច្បាស់អំពីបញ្ហានេះ Post News បានចុះទៅដល់ភូមិព្រែកហ្លួងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលសំបូរដោយសិប្បកម្មខ្នាតតូចៗនៅតាមផ្ទះ ក្នុងការកែច្នៃត្រីឲ្យទៅជាណែមត្រី ឬក៏សង្វាក់សាច់ត្រីជាដើម និង បានជួបនឹងស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ តូ ទង អាយុ៧៨ឆ្នាំ ហើយក៏ជាអ្នកផលិតណែមត្រីនេះជាយូរឆ្នាំមកហើយ ដោយគាត់បាននិយាយថា កាលពីមុនគឺប្រើបានតែត្រីរ៉ស់នោះទេ ក្នុងការយកមកផលិតធ្វើជាណែមត្រី និងសង្វាក់ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺគ្មានត្រីរ៉ស់ទៀតទេ ដោយសារតែដៃទន្លេសាបមានការរីងស្ងួត ដូច្នេះហើយទើបអ្នកភូមិដែលរស់នៅក្នុងតំបន់នេះ បានងាកទៅរកប្រភេទត្រីត្រសក់វិញ ដែលជាត្រីដឹកមកពីប្រទេសថៃ ដោយទិញមកក្នុងមួយគីឡូក្រាម ៣.៥០០ទៅ ៤.០០០រៀល ប៉ុន្តែការយកមកធ្វើជាណែមត្រី និងសង្វាក់ត្រូវកាត់ក្បាល និងយកស្បែកចេញទាំងអស់ ដោយគ្រាន់តែត្រីប្រភេទនេះវាមានឆ្អឹងតូចៗច្រើនតែប៉ុណ្ណោះ ។ប្រភពផ្សេងទៀត ក៏បាននិយាយថា ដោយឡែកត្រីប្រា គឺគេបានដឹកយកចូលទៅក្នុងផ្សារប្រហុក ដែលស្ថិតក្នុងស្រុកឯកភ្នំដូចគ្នា ដើម្បីយកទៅកែច្នៃធ្វើជាផ្អក ឬក៏ធ្វើជាងៀតជាដើម ហើយចំពោះត្រីទីឡាប់ស្យា ក៏មានប្រភពមួយចំនួនបាននិយាយដែរថា គេឲ្យក្រពើសុីមួយចំនួន ចំណែកមួយចំនួនទៀតដែលសាច់នៅល្អគ្រាន់បើ គេយកទៅច្នៃធ្វើជាប្រហិតត្រីក៏មានដែរ ។ជុំវិញបញ្ហាខាងលើនេះ គឺវាប្រាស់ចាកទាំងស្រុងនូវសំដីរបស់មន្ត្រីគយប្រចាំច្រកនេះដូច្នេះគឺវាអាចមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក៏អាចថាបាន ព្រោះការកែច្នៃរមែងមានការលាយផ្សំនូវវត្ថុធាតុ ឬសារធាតុអ្វីផ្សេងៗ ដើម្បីឲ្យបានទៅជាចំណីអាហារ ដែលមានឱជារស ហើយបញ្ហានេះបើនៅតែមានការឃុបឃិតជាមួយក្រុមឈ្មួញតទៅទៀត គឺវាអាចប្រឈមទៅនឹងសុខភាពរបស់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរឡើងៗជាក់ជាមិនខាន៕

មតិយោបល់