ព័ត៌មានកីឡា

Giggs ៖ ខ្ញុំសើចពេលឃើញ Ronaldo លេងដំបូង ប៉ុន្តែឥឡូវលែងនិយាយ

Ryan Giggs បានបញ្ជាក់ថានៅឆ្នាំ២០០៣ ពេលលោកឃើញ Cristiano Ronaldo លេងបាល់ដំបូង គឺលោកហួសចិត្ត និងអស់សំណើចជាខ្លាំង ប៉ុន្តែនៅពេលឥឡូវនេះ កីឡាករដែលធ្លាប់តែប៉ះបាល់មិនត្រូវ បានក្លាយជាកំពូលកីឡាករបាល់ទាត់ម្នាក់ហើយ។

Ronaldo ចូលរួមជាមួយ Manchester United នៅឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់លោក Sir Alex Fugerson ។ នៅគ្រានោះដែរ Ronaldo ត្រូវបានមិត្តរួមក្រុមដទៃទៀត រួមទាំង Giggs ផងដែរ ដែលបានមើលទម្រង់លេងរបស់គេ ហើយលួចសើច មើលងាយម្នាក់ឯង។

ទាក់ទងនឹងរឿងនេះដែរ Giggs បាននិយាយដោយផ្ទាល់ថា៖ “វាជាការពិត នរណាក៏សើចដែរពេលឃើញ Ronaldo លេងដំបូង។ គេប៉ះបាល់សឹងមិនត្រូវផង ។ យើងសើចដោយសារតែឆ្ងល់និងហួសចិត្តថាហេតុអ្វី Sir Alex នាំកីឡាករអីចឹងមករួមក្រុម។ តែនោះជាអតីតកាលប៉ុណ្ណោះ បច្ចុប្បន្ន រូបគេជាកីឡាករកំពូលម្នាក់ ដែលនរណាក៏ទទួលស្គាល់ដែរ”។

Ronaldo ទើបតែជួយក្រុមព័រទុយហ្គាល់លើកពាន Euro 2016 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បើទោះបីជាខ្លួនលេងបានត្រឹមតែជាង២០នាទីក៏ដោយ។ កីឡាករលេងនៅក្លឹប Real Madrid រូបនេះរងរបួសដាច់សរសៃរកំភួនជើង ដោយត្រូវប្រើពេល៤ទៅ៥ខែឯណោះ ទើបអាចចូលលេងជាធម្មតាវិញបាន៕

មតិយោបល់