ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែមទៀត ខណៈអាកាសធាតុនឹងមានខ្យល់បក់បោកខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ជាពិសេសក្នុងខេត្តកកោះកុង និងខេត្តព្រះសីហនុ។
ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព្យាករណ៍អាកាសធាតុ នៅថ្ងៃទី១២ ខែកក្កដានេះ ឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួមមក ឃើញថា បច្ចុប្បន្ននេះ ខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប ចាប់ផ្ដើមបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ឡើងវិញ។
យោងតាមការព្យាករ ស្ថានភាពអាកាសធាតុ មានដូចខាងក្រោមៈ
+ តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ ក្នុងនោះ ខេត្តកំពត និងខេត្តកែប អាចនឹងភ្លៀងពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា។ រីឯខេត្តកោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។
+ តំបន់វាលទំនាប និងតំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា៕

មតិយោបល់