ខ្សែបម្រើឆ្នើមក្លឹបបឹងកេតអង្គរ Yuya Wada នឹងត្រូវសម្រាករហូតលីគកំពូលកម្ពុជាបញ្ចប់ ក្រោយរងការប៉ះទង្គិចជាមួយកីឡាករ សរ ពិសិដ្ឋ កាលពីជំនួបរវាងក្រសួងកាពារជាតិ ស្មើបឹងកេត ២ទល់និង២ កាលចុងសប្តាហ៍មុន។
Yuya បានសរសេរលើបណ្តាញសង្គមថា វេជ្ជបណ្ឌិតតម្រូវឲ្យខ្លួនរុំរបួសរយៈពេល៣សប្តាហ៍ មុននឹងបន្ថែមការសម្រាក២ខែទៀត ដើម្បីឲ្យរបួសជាសះស្បើយ និងចូលហ្វឹកហាត់វិញបាន។
“ ខ្ញុំរបួសកាលពីទាត់ជាមួយទ័ពកាលពីថ្ងៃទី១៦ កក្កដា ហើយថ្ងៃនេះត្រូវទៅពេទ្យដើម្បីពិនិត្យ។ វេជ្ជបណ្ឌិតប្រាប់ថា ខ្ញុំត្រូវរុំបង់ជើងប្រមាណ៣សប្តាហ៍ មុននឹងសម្រាក២ខែទៀត ទើបអាចហ្វឹកហាត់ខ្លះៗវិញបាន។ ខ្ញុំសុំទោសគ្រប់គ្នា ដែលខ្ញុំមិនអាចជួយក្លឹបន្តទៀតបាន។ សូមអរគុណចំពោះការគាំទ្រ។” សំណេរ Yuya លើ Facebook។
ខ្សែបម្រើសញ្ជាតិជប៉ុន Yuya បានដូរចេញត្រឹមនាទីទី៥២ ក្រោយខ្សែកាពាររបស់ក្រសួងកាពារជាតិ រំខានការអូសបាល់របស់គេ បណ្តាលឲ្យប៉ះទង្គិចជើងធ្ងន់ធ្ងរ កាលចុងសប្តាហ៍មុន។
វត្តមានរបស់គេមកទល់សប្តាហ៍ទី១១នេះ បានជួយឲ្យបឹងកេតកាន់កាប់តំណែងកំពូលតារាង នាំមុខក្រុមលេខ២ក្រសួងកាពារជាតិ៦ពិន្ទុបណ្តោះអាសន្ន។
មតិយោបល់