ព័ត៌មានកីឡា

Maradona ៖ ខ្ញុំមិនចង់បានលុយដូច Mourinho ទេ ខ្ញុំអាចដឹកនាំអាហ្សង់ទីនដោយមិនយកលុយ

Diego Maradona បានបង្ហើបថារូបលោកចង់ទៅដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនម្ដងទៀត ដោយមិនយកប្រាក់ឈ្នួលនោះទេ មិនដូចជាលោក Jose Mourinho ដែលមើលឃើញតែលុយឡើយ។

បុរសវ័យ៥៥ឆ្នាំខាងលើធ្លាប់ដឹកនាំក្រុមអាហ្សង់ទីនម្ដងមកហើយចន្លោះឆ្នាំ ២០០៨ និង២០១០ តែបន្ទាប់ពីដឹកនាំចាញ់ក្រុមអាល្លឺម៉ង់ ៤-០ នៅវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ World Cup 2010 រូបលោកក៏សម្រេចចិត្តចាកចេញពីតំណែងតែម្ដង។Maradona_Mourinho

យ៉ាងណាមិញ វិរបុរសអាហ្សង់ទីនខាងលើចង់កាន់តំណែងនេះម្ដងទៀត បន្ទាប់ពីលោក Gerardo Martino ទើបតែប្រកាសឈប់ដឹកនាំក្រុមអាហ្សង់ទីន បន្ទាប់ពីនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America តែចាញ់ក្រុមឈីលីនៅបាល់ប៉េណាល់ទី កាលពីខែមុននេះ។

Maradona បាននិយាយចំពោះរឿងខាងលើថា៖ “Diego Maradona មិនមានចំណាប់អារម្មណ៍ចំពោះប្រាក់នោះទេ ប្រាក់មិនមែនជារឿងសំខាន់សម្រាប់ខ្ញុំឡើយ។ ខ្ញុំនឹងអាចទៅដឹកនាំជម្រើសជាតិមិនយកប្រាក់ឈ្នួល។ មនុស្សជាច្រើនគិតថាខ្ញុំ ប្រហែលជាគ្រូបង្វឹកមុខលុយហើយ ប៉ុន្តែ Mourinho វិញនោះ? ហើយ Ancelotti ឬ Simeone ? ខ្ញុំមិនដឹងថាថ្លៃប៉ុន្មានទេ ដែលខ្ញុំប្រៀបជាមួយពួកគេ។ ខ្ញុំចាប់ផ្ដើមនឹកការងារជាគ្រូបង្វឹកវិញហើយ”។

អតីតកីឡាករដែលជួយក្រុមអាហ្សង់ទីនលើកពាន World Cup កាលពីឆ្នាំ ១៩៨៦ ខាងលើនេះ ឈប់ដឹកនាំក្រុមអាហ្សង់ទីននៅឆ្នាំ២០១០ ហើយទៅដឹកនាំក្រុម Al Wasl បានបន្តិចក៏ឈប់ទៀត។ ចាប់តាំងពីពេលនោះមក រូបលោកក៏ឈប់ដឹកនាំក្រុមបាល់ទាត់រហូតមកដល់បច្ចុប្បន្ននេះ៕diego-maradona-jose-mourinho_3301519

មតិយោបល់