កីឡាករ Wayne Rooney បានអះអាងថារូបគេចង់លេងឱ្យក្លឹប Manchester United ច្រើនឆ្នាំទៀត ក៏ដូចជាលើកពានរង្វាន់នៅទីនេះ មុនពេលចាកចេញឬចូលនិវត្តន៍ពីបាល់ទាត់តែម្ដង។
Rooney នឹងត្រូវលេងឱ្យក្រុម Man Utd ក្នុងការប្រកួតមិត្តភាពចុងក្រោយ ត្រៀមបើករដូវកាលថ្មី ពោលគឺត្រូវប៉ះក្រុម Everton ដែលជាក្លឹបចាស់របស់ខ្លួននៅម៉ោង២រំលងអាធ្រាត្រយប់នេះ។ ប្រធានក្រុមរូបនេះ ហាក់មិនសូវបង្ហាញទម្រង់លេងល្អនោះទេ ប៉ុន្មានរដូវកាលមកនេះ ដោយត្រូវគ្រូបង្វឹកមុនៗឱ្យទៅលេងនៅតំបន់បម្រើច្រើនជាងប្រយុទ្ធ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ពេលខ្ញុំនៅជាយុវជន ខ្ញុំមិនគិតពីពានអ្វីនោះទេ សំខាន់បានចូលលេង។ តែពេលធំពេញវ័យ យើងត្រូវគិតពីពានរង្វាន់ ត្រូវមានមហិច្ឆតា។ ខ្ញុំមិនទាន់ចង់ចាកចេញពី Man Utd ទេ ខ្ញុំចង់នៅទីនេះបន្ដទៀត ដើម្បីលើកពានរង្វាន់ ហើយអាចនឹងចូលនិវត្តន៍នៅទីនេះក៏ថាបាន”។
Rooney ចូលលេងឱ្យក្រុម Manchester United បានជិត៤០០ប្រកួតមកហើយ ក្នុងរយៈពេល១២ឆ្នាំមកនេះ ខណៈដែលរូបគេក៏បានជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ច្រើនដែរ៕

មតិយោបល់