Pep Guardiola អ្នកចាត់ការក្រុម Manchester City បានបញ្ជាក់ក្រុមនៅមានបទពិសោធន៍លេងនៅពានធំ UEFA Champions League តិចពេក ទើបបណ្ដាលឱ្យពួកគេគ្រប់គ្រងឱកាសមិនបានល្អ។
Monaco បានបង្កើតរឿងភ្ញាក់ផ្អើលទៀតហើយ ដោយអាចវាយបកក្រុម Man City នៅជើងទី២ ក្នុងលទ្ធផល ៣-១ (សរុប៦-៦) ឡើងទៅវគ្គបន្ដបាន។ ចំពោះលទ្ធផលនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថានេះជារឿងទី២ហើយក្នុងព្រឹត្តិការណ៍នេះ ដែលអាចវាយបកឡើងទៅវគ្គបន្ដបាន បន្ទាប់ពី FC Barcelona ធ្វើដាក់ PSG ។
ចំពោះការបរាជ័យនេះដែរ Pep មិនបានបន្ទោសទៅលើប្រព័ន្ធការពារឬយ៉ាងណានោះទេ ប៉ុន្តែលោកបែរជាលើកឡើងថាមកពីក្រុមទាំងមូលលេងដោយខ្វះទំនុកចិត្តនិងបទពិសោធន៍ទៅវិញ ទើបបានជាទទួលលទ្ធផលបរាជ័យយ៉ាងនេះ។ “៤៥នាទី គឺយើងបានដើរខុសទៅហើយ យើងបានលេងល្អឡើងវិញនៅតង់ទី២ ប៉ុន្តែតង់ទី១ មានលទ្ធផលមិនល្អទៅហើយ។ ទោះជាយើងលេងល្អនៅតង់ទី២ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ”។
ក្រោយពីប្រកួតយប់មិញនេះ ក្រុមទាំង៨ដែលបានឡើងទៅវគ្គបន្ដ Champions League បានរកឃើញអស់ហើយ គឺ Monaco , Atletico Madrid, Real Madrid , FC Barcelona , Leicester City , Dortmund , Bayern Munich និង Juventus ៕
មតិយោបល់