ព័ត៌មានកីឡា

Ronaldo អត់បានលេងប្រកួតដំបូង តែ Zidane ថាអត់មានបញ្ហាសម្រាប់ Real Madrid

Cristiano Ronaldo មិនមានវត្តមានចូលលេងទល់នឹងក្រុម Real Sociedad ទេ នៅយប់ថ្ងៃអាទិត្យនេះ ក្នុងការបើករដូវកាលថ្មី ២០១៦-២០១៧ របស់ La Liga ។ តែទោះជាអត់មានខ្សែប្រយុទ្ធម្នាក់នេះ លោក Zinedine Zidane នៅតែមានជំនឿចិត្តថាក្រុមរបស់លោកអាចយកបាន៣ពិន្ទុដែរ។

Ronaldo រងរបួសតាំងពីលេង Euro 2016 ផ្ដាច់ព្រ័ត្រទល់នឹងក្រុមម្ចាស់ផ្ទះបារាំង ហើយរបួសរបស់គេនេះបានធ្វើឱ្យខ្សែប្រយុទ្ធសំខាន់របស់ Real Madrid រូបនេះមិនអាចចូលលេងបានឡើយនៅសប្ដាហ៏បើករដូវកាលថ្មី ដោយត្រូវរង់ចាំដល់សប្ដាហ៍ក្រោយឯណោះ ទើបអាចចូលលេងបាន។

Portugal's forward Cristiano Ronaldo (L) receives medical attention during the Euro 2016 final football match between Portugal and France at the Stade de France in Saint-Denis, north of Paris, on July 10, 2016. / AFP PHOTO / FRANCISCO LEONGFRANCISCO LEONG/AFP/Getty Images

ទាក់ទងនិងបញ្ហាកីឡាកររបួសនេះដែរ លោក Zidane គ្រូបង្វឹកក្រុម Real Madrid បាននិយាយដែរថាលោកមិនចង់គិតតែកីឡាករម្នាក់ៗនោះទេ ព្រោះសមាជិកក្រុមទាំងអស់សុទ្ធតែសំខាន់។ អត់មាន Ronaldo ប៉ុន្តែ Real Madrid មានកីឡាករល្អៗច្រើនទៀត ដែលសុទ្ធតែអាចចូលលេងជំនួសបាន។ ដូច្នេះប្រកួតនៅយប់ថ្ងៃអាទិត្យនេះ អធិរាជសនឹងយក៣ពិន្ទុបើករដូវកាលដំបូងឱ្យបាន។

គ្រូបង្វឹកដែលទើបតែនាំ Real Madrid លើកពាន UEFA Champions League រដូវកាលមុននេះ បានបន្តថាកីឡាករក្នុងក្លឹបទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុម Real Madrid រដូវកាលនេះ ព្រោះក្លឹបមួយនេះដូចជាគ្រួសារតែមួយអីចឹង៕

 

មតិយោបល់