ភ្នំពេញៈ ការលង់ទឹកអាចធ្វើឲ្យមនុស្សបាត់បង់ជីវិតបាន ប្រសិនបើយើងមិនចេះពីរបៀបសង្គ្រោះភ្លាមៗ ឬអ្នកជំនាញមកមិនទាន់ទេនោះ។
ប៉ុន្តែបើយោតាមផេកហ្វេសប៊ុក មន្ទីរពេទ្យ កាល់ម៉ែត បានបង្ហាញថា ការលង់ទឹក ឬការជិតស្លាប់ដោយសារលង់ទឹក ភាគច្រើនគេតែងតែហៅអ្នកធ្វើការថែទាំវេជ្ជសាស្ត្រមកជួយសង្គ្រោះបន្ទាន់ មុននឹងបញ្ចូលបន្តទៅមន្ទីរពេទ្យ។
ក្នុងខណៈនេះ ទឹកមិនអាចចូលទៅដល់ក្នុងសួតច្រើនបាននោះទេ ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។
១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកដែលជួយសង្គ្រោះជាមុនសិន។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងជនរងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។
២) ដើម្បីជៀសវាងការមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន យើងត្រូវនាំជនរងគ្រោះឲ្យបានលឿនមកលើផ្ទៃទឹក ។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិត និងកុំផ្តាច់ខ្យល់សិប្បនិម្មិតរហូតដល់អ្នកលង់ទឹកត្រូវបានអ្នកជួយសង្គ្រោះយកមកដល់ច្រាំង។
៣) នៅលើដីគោកស្ងួតអាចរមៀលអ្នកលង់ទឹក (ធ្វើយ៉ាងណាកុំឲ្យឆ្អឹងខ្នងមានចលនា) ទៅខាងឆ្វេង ដើម្បីឲ្យទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើ។ ប្រសិនបើអាចគួរតែបឺតសំអាតផ្លូវដង្ហើមឲ្យបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើង។
៤) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។ ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូង គឺជាការព្យាករណ៍មួយដ៏សំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។ ប្រសិនបើការប៉ោងក្រពះប៉ះពាល់ពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះឲ្យដេកផ្អៀងទៅខាងឆ្វេង។ គួរបន្តចាត់វិធានការ ជួយសង្គ្រោះនៅពេលដែលអ្នកលង់ទឹកត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិតបែបទំនើបពេញលេញ៕
មតិយោបល់