សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានឧបត្ថម្ភដល់ក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម១៥ឆ្នាំ ក្នុងម្នាក់១ពាន់ដុល្លារ ក្រោយនាំពាន The Belt and Road Initiative U15 Boys Football Tournament មកដល់មាតុភូមិកាលពីយប់មិញ។
ថ្លែងក្នុងពិធីទៅទទួលដោយផ្ទាល់ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីបានឧបត្ថម្ភជាថវិកាទាំងនេះ ដើម្បីលើកទឹកចិត្តឲ្យកីឡាករខិតខំប្រឹងប្រែងហ្វឹកហាត់នាំមេដាយជូនជាតិបន្ថែមទៀត។ ប៉ុន្តែថវិកាទាំងនោះ មិនត្រូវប្រគល់ជូនជាសាច់ប្រាក់ឡើយ ហើយប្រើសម្រាប់តែការទិញសំលៀកបំបាក់ សម្ភារៈសិក្សា និង សម្ភារៈកីឡា។
ប្រមុខសហព័ន្ធដដែលបន្តថា ប្រសិនបើប្អូនៗណាពុំប្រើប្រាស់ក្នុងពេលកំពុងស្នាក់នៅសាលាបាល់ទាត់ជាតិ ថវិកាទាំងនោះសហព័ន្ធនឹងរក្សាជូន ហើយប្រគល់ឲ្យសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រនៅសកលវិទ្យាល័យ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី បានក្លាយជាម្ចាស់ជើងឯក The Belt and Road Initiative U15 Boys Football Tournament នៅប្រទេសចិន ក្រោយបំបាក់ក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣-២។
មតិយោបល់