ព័ត៌មានកីឡា

ឡៅ ចន្ទ្រា ថាផ្តួលសោភ័ណ្ឌម្សិលមិញមិនមែនជាសំណាង តែជាបច្ចេកទេសសុទ្ធសាធ

ជើងខ្លាំង ឡៅ ចន្ទ្រា បានអះអាងថាខ្លួនបានប្រើបច្ចេកទេសសុទ្ធសាធ ដើម្បីផ្តួលសិស្សច្បង ផល សោភ័ណ្ឌ ឲ្យសន្លប់ត្រឹមទឹកទី៣ ពោលពុំមែនជាសំណាងឡើយ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុ ខ្សែក្រវ៉ាត់គូបូតាកាលពីរសៀលម្សិលមិញ នៅសង្វៀនបាយ័នបឹងស្នោ។

អ្នកប្រដាល់ល្អគ្រប់គ្រឿងរូបនេះ បាននិយាយថា សោភ័ណ្ឌហាក់ដាក់សម្ពាធខ្លាំងនៅពីរទឹកដំបូង ប៉ុន្តែខ្លួនបានបញ្ឆោតក្រៀកជង្គង់រហូតភ្លេចខ្លួន ក៏វ៉ាត់កែងតែម្តង។

« បាទបង និយាយទៅពីដំបូងខ្ញុំចង់ភ័យដែរ គាត់ម៉ាត់ល្អមែនទែន។ ប៉ុន្តែក្រោយមក ខ្ញុំមានតែជម្លរជង្គង់ជាមួយគាត់ ទម្រាំតែភ្លេចខ្លួនក៏បានមួយកែងហ្នឹង។ វាមិនមែនសំណាងអីទេ ខ្ញុំប្រឹងសឹងអីទម្រាំផ្តួលគាត់បាន។» ចន្ទ្រា បញ្ជាក់។

Fight _ Sport_05_08_16 (21)

ផល សោភ័ណ្ឌ បានសន្លប់ធំត្រឹមដើមទឹកទី៣ ក្រោមផ្លែកែងសិស្សគុនក្លឹបឆ័ត្រយោង៩១១។ លទ្ធផលនេះ បានជួយ ចន្ទ្រា បាន៣ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្ន ខណៈ សោភ័ណ្ឌ ពុំទាន់មានពិន្ទុនៅឡើយ។

គូខ្សែក្រវ៉ាត់ថ្ងៃជាមួួយគ្នានោះ ឈឿន ឆៃដែន ឈ្នះពិន្ទុ សុខ សុវណ្ណ ចំណែក Fashootshai បានឈ្នះពិន្ទុ Dernchhunlek ដូចគ្នា។

Fight _ Sport_05_08_16 (3)Fight _ Sport_05_08_16 (4)Fight _ Sport_05_08_16 (22)Fight _ Sport_05_08_16 (23)

មតិយោបល់