Chanathip Songkrasin បាននិយាយថាខ្លួនទទួលស្គាល់លទ្ធផលចាញ់ជប៉ុន ២-០ កាលពីម្សិលមិញនេះ ប៉ុន្តែការប្រកួតជាមួយក្រុមខ្លាំងៗនេះ រូបគេជឿថាក្រុមថៃនឹងកាន់តែខ្លាំងឡើងៗ។
វគ្គជម្រុះ World Cup ជុំទី៣នៅទ្វីបអាស៊ីកាលពីម្សិលមិញនេះ ក្រុមជប៉ុនបានយកឈ្នះថៃដោយលទ្ធផល ២-០ ខណៈដែលកីឡាករ Genki Haraguchi និង Takuma Asano ជាអ្នករកបានម្នាក់មួយគ្រាប់។ បរាជ័យជាលើកទី២នេះដែរ ធ្វើឱ្យChanathip មិនអន់ចិត្តអ្វីនោះទេ ព្រោះរូបគេជឿថានេះជាប្រកួតមួយដែលផ្ដល់មេរៀនជាច្រើនសម្រាប់ថៃក្នុងថ្ងៃអនាគត។
ខ្សែបម្រើវ័យ២២ឆ្នាំខាងលើបាននិយាយក្រោយចប់ការប្រកួតថា៖ “យើងទទួលស្គាល់ថានេះជាលទ្ធផលដែលយើងខំប្រឹង។ ជប៉ុនបានជួយផ្ដល់មេរៀនឱ្យយើងកាន់តែច្រើន ដើម្បីពន្លឿនឱ្យថៃកាន់តែឆាប់ប្រកួតប្រជែងនឹងប្រទេសធំៗបាន។ យើងនៅមានចំណុចខ្វះខាតច្រើន តែយើងក៏បានបទពិសោធន៍ច្រើនដែរ យើងនឹងប្រឹងប្រែងបន្ដទៀត ព្រោះនៅមានប៉ះក្រុមខ្លាំងជាច្រើនទៀត”។
ក្រុមថៃជាក្រុមតែមួយគត់នៅតំបន់អាស៊ានដែលអាចឈានជើងដល់វគ្គជម្រុះ World Cup 2018 ជុំទី៣នៅតំបន់អាស៊ីបាន។ ខណៈដែលពួកគេស្ថិតក្នុងពូល B ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗ ដូចជា អូស្ត្រាលី អារ៉ាប់រួម អារ៉ាបីសាអូឌីត ជប៉ុន និងអីរ៉ាក់ជាដើម។ ២ប្រកួតដំបូងរបស់ថៃក្នុងពូលនេះ ចាញ់ទាំងពីរប្រកួតគឺចាញ់ អារ៉ាប៊ីសាអូឌីត ១-០ និងចាញ់ក្រុមជប៉ុន ២-០ កាលពីយប់មីញនេះ៕
មតិយោបល់