ភ្នំពេញៈ យោងតាមប្រភពដែលបានបង្ហើបឡើងបានអះអាងថាលោកខៃ ប្រសិទ្ធិ អតីតតារាសម្ដែងល្បីឈ្មោះ គឺនៅមានឈ្មោះបុរសមិនទាន់រៀបការជាលើកទី២នៅឡើយទេ បើទោះជាលោកបានចាកចេញទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីអំឡុងឆ្នាំ១៩៩៩ក្នុងពេលអ្នកស្រីពិសិដ្ឋ ពិលីកា ជាភរិយាត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅជិតផ្សារអូរឫស្សី។ យ៉ាងណាក៏ដោយសាមីខ្លួនរូបនេះ ធ្លាប់បានបញ្ជាក់ថាលោកមានមិត្តស្រីរួចហើយ ដោយគ្រាន់តែលោក និងនាងមិនទាន់ច្បាស់លាករឿងចាប់ដៃគ្នាក្រោមស្លាកអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។
លោកខៃ ប្រសិទ្ធិ ធ្លាប់បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយក្នុងពេលលោកចុះមកធ្វើបុណ្យនៅស្រុកខ្មែរលើកចុងក្រោយថា លោកមិនទាន់រៀបការ និងមានភរិយាជំនួសឲ្យអ្នកនាងពិសិដ្ឋ ពិលីកានៅឡើយទេ ដោយសារតែលោកក៏មានភារៈត្រូវមើលកូនកំលោះដែលជាដំណក់ឈាមរបស់អតីតភរិយានោះដែរ។ បើទោះជាលោក និងកូនប្រុសត្រូវរស់នៅផ្សេងគ្នាព្រោះតែលោកត្រូវធ្វើការឆ្ងាយផ្ទះ ហើយកូនប្រុសរបស់លោកក៏ត្រូវសម្រាកនៅសាលាក៏ទំនាក់ទំនង និងការទទួលខុសត្រូវនៅតែមានកម្រិតខ្ពស់ក្នុងនាមជាឪពុក និងកូន ដែលពិបាកឲ្យលោកចែកពេលវេលាបានច្រើនក្នុងការចំណាយពេលជាមួយនារីណាម្នាក់ក្នុងនាមជាប្ដីប្រពន្ធ។
លោកធ្លាប់បង្ហើបថា ភារកិច្ចដែលលោកត្រូវបំពេញធ្វើឲ្យមិនហ៊ានរៀបការប្រពន្ធថ្មីនោះទេ ដោយសារតែខ្លាចបែកបាក់ព្រោះតែខ្វះពេលវេលាមើលខុសត្រូវគ្នា។ យ៉ាងណាមិញ លោកសារភាពថាខ្លួនមានមិត្តស្រីល្អម្នាក់ តែលោកបដិសេធទម្លាយរឿងរ៉ាវមួយនេះលម្អិត ដោយលោកគ្រាន់តែបញ្ជាក់ថានាងជាកូនស្រីពាណិជ្ជករនៅក្រៅប្រទេស និងជានារីដែលរស់នៅឆ្ងាយលោក ដែលយូរៗម្ដងៗទើបបានជួបគ្នា។ លោកថាខ្លួនមិនខ្វល់ពីរឿងនោះទេ ដោយសារតែលោកក៏មានកូនធំ ហើយវ័យក៏កាន់តែច្រើនដែលការរៀបការហាក់លែងសំខាន់ដូចជីវិតយុវវ័យ។
មិនខុសគ្នាដែរប្រភពពីអ្នករស់នៅប្រទេសអូស្រ្តាលី ហើយមានទំនាក់ទំនងជាមួយលោកខៃ ប្រសិទ្ធិ បានអះអាងថាអតីតតារាសម្ដែងជើងចាស់រូបនេះមិនធ្លាប់មានព័ត៌មានរៀបការនោះឡើយ។ លោកក៏ត្រូវគេអះអាងថាជាបុគ្គលិកបម្រើការក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទេសអូស្រ្តាលី តែមានជីវភាពល្អប្រសើរ ដោយសារតែលោកមានផ្ទះ មានសម្បែងផ្ទាល់ខ្លួន គឺមិនដូចអ្នករស់នៅទីនោះខ្លះ ដែលជួលផ្ទះ ឬបង់រំលោះផ្ទះរដ្ឋដើម្បីរស់នៅនៅឡើយ។ អ៊ីចឹងហើយទើបលោកមានឱកាសផ្ដល់ការបរិច្ចាគជាអណ្ដូង និងជាថវិកាតាមរយៈគម្រោងរបស់លោកសាវិន ហ្វីលីពច្រើននៅក្នុងប្រទេសកម្ពុជា៕
មតិយោបល់