ខ្សែប្រយុទ្ធវ័យក្មេង Jese Rodriguez បាននិយាយថាខ្លួនចង់លេងជាកីឡាករជម្រើសដំបូង មិនចង់អង្គុយនៅកៅអីបម្រុងនោះទេសម្រាប់ PSG ក្នុងការប្រកួតខាងមុខនេះ។
Jese ជាអតីតកីឡាកររបស់ Real Madrid ដែលក្លឹប PSG ទិញយកកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ ក្នុងតម្លៃ២១លានផោន។ ក្រោមការដឹកនាំរបស់លោក Unai Emery នៅក្លឹប PSG តាំងពីបើករដូវកាលមកនេះ Jese ទើបតែបង្ហាញខ្លួនបានម្ដងនោះទេ ក្នុងការប្រកួតដែល PSG ស្មើជាមួយ Saint-Etienne ក្នុងលទ្ធផល ១-១ ។

យ៉ាងដូច្នេះហើយ ទើបបានតែកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថាមិនសប្បាយចិត្តឡើយនៅក្លឹប PSG ក្នុងប៉ុន្មានប្រកួតមកនេះ ដោយសារតែបានត្រឹមអង្គុយកៅអីបម្រុងរហូត។ “ខ្ញុំបានប្រាប់ទៅ Emery ផ្ទាល់ថាខ្ញុំមិនចង់នៅបម្រុងនោះទេ។ Cavani ជាកីឡាករល្អ ប៉ុន្តែខ្ញុំសមតែបានចូលលេង។ ខ្ញុំមកទីនេះ ដើម្បីបានលេងគ្រប់ប្រកួតទាំងអស់”។
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំខាងលើនេះ កើតចេញពីយុវជនថ្នាលរបស់ក្លឹប Real Madrid ដោយរូបគេចូលលេងបាន៦៣ប្រកួត រកបាន១៣គ្រាប់ដែរក្នុងឈុតធំតាំងពីឆ្នាំ២០១១មក។ មកដល់ទឹកដីបារាំង Jese បង្ហាញខ្លួនបាន២ដងមកហើយ (គិតទាំងប្រកួតមិត្តភាព) ប៉ុន្តែមិនទាន់រកបានមួយគ្រាប់ទេ៕
មតិយោបល់