គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ លោក Ohara Kazunori ថ្លែងថាក្រុមខ្លួន នឹងប្រើគ្រប់វិធីដើម្បីយកឈ្នះឡាវ ក្នុងប្រកួតទី២នារសៀលម៉ោង៤នេះ នាទីក្រុងហាណូយប្រទេសវៀតណាម។
លោក Ohara លើកឡើងថា ថ្វីបើចាញ់អូស្ត្រាលីកាលជំនួបបើកឆាកក្តី ប៉ុន្តែក្រុមខ្លួននៅតែបន្តប្រឹងប្រែងពេលប៉ះឡាវ និងរៀបយុទ្ធសាស្ត្រប្រយុទ្ធយ៉ាងត្រឹមត្រូវ ដើម្បីដណ្តើម៣ពិន្ទុ ពីក្រុមដែលធ្លាប់ស្មើគ្នាឆ្នាំមុន។
“ ពួកយើងបានត្រៀមរួចហើយសម្រាប់ប្រកួតទី២នេះ។ យើងបានហ្វឹកហាត់ច្រើន ហើយកីឡាមានឆន្ទៈខ្លាំងជាងមុន ដើម្បីស្តារមុខមាត់ពេលយើងចាញ់អូស្ត្រាលី។ ដូច្នេះយើងមានកលល្បិច និងក្តីរំពឹងខ្ពស់ថានឹងឈ្នះឡាវ។” សម្តីលោក Ohara ។
កម្ពុជា នឹងប៉ះ ឡាវ ល្ងាចនេះម៉ោង៤:០០នាទី នៅទីលានលេខ៣ ក្នុងសាលាបាល់ទាត់ជាតិវៀតណាម ដែលនៅទល់មុខឈៀងខាងត្បូងពហុកីឡដ្ឋានជាតិ My Dinh Stadium។
ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ក្រុមទាំង២ពុំទាន់មានពិន្ទុឡើុយ ដោយជំនួបបើកឆាកឡាវចាញ់ថៃ ២-១ ចំណែកកម្ពុជា ចាញ់អូស្ត្រាលី ២-០។
មតិយោបល់