លោក Kim Pan-Gon គ្រូបង្វឹកក្រុមបាល់ទាត់ហុងកុងបានលើកឡើងថា ខ្លួននឹងដាក់កីឡាករល្អៗទាំងអស់លេង ទោះគ្រាន់ជាជំនួបមិត្តភាពតទល់ក្រុមម្ចាស់ផ្ទះកម្ពុជា នាល្ងាចថ្ងៃស្អែកនេះ។
ក្នុងសន្និសីតនាសណ្ឋាគារហ្គាវ៉ើលកាលពីព្រឹកមិញ គ្រូបង្វឹករូបនេះរៀបរាប់ថា ខ្លួននឹងដាក់កីឡាករសំខាន់ៗទាំងអស់លេង ដើម្បីបង្ហាញទម្រង់ឲ្យល្អចំពោះមុខអ្នកគាំទ្រកម្ពុជា និងដណ្តើមជ័យជម្នះពីក្រុមម្ចាស់ផ្ទះដែលបានត្រៀមខ្លួនយ៉ាងរៀបរយ។
« ថ្ងៃស្អែកនេះ គ្មានអ្វីខ្ញុំត្រូវលាក់ជើងកីឡាករឡើយ។ ពួកយើងនឹងដាក់កីឡាករទាំងអស់ឲ្យលេង ដើម្បីឲ្យពួកគេសហការណ៍គ្នាយកជ័យជម្នះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ចំពោះសមត្ថភាពកីឡាករកម្ពុជា ដូចនេះយើងមិនអាចប្រហែសបានឡើយ។ » សម្តីគ្រូហុងកុង។
ជាងនេះទៀត គ្រូសញ្ជាតិកូរ៉េដដែលក៏បង្ហាញសុទិដ្ឋិនិយមខ្លះថា ក្រុមខ្លួនពិតជាអាចការពារជ័យជម្នះបាន។
គួរបញ្ជាក់ថា កម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមហុងកុង វេលាម៉ោង៦:៣០នាទី ស្អែកនេះនៅពហុកីឡដ្ឋានជាតិ ដើម្បីសមជើងត្រៀមដណ្តើមកៅអីវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup នៅពាក់កណ្ដាលខែតុលាឆ្នាំ២០១៦ខាងមុខ៕
មតិយោបល់