ព័ត៌មានកីឡា

Man Utd ជោគជ័យទឹកប្រាក់៦០លានផោន បន្ទាប់ពីការបដិសេធរបស់ Real លើកទី១

បិសាចក្រហម បានសម្រេចការចរចារទិញ Alvaro Morata បន្ទាប់ពីការបដិសេធ នៅក្នុងទឹកប្រាក់ ៥២លានផោន កាលពីប៉ុន្មានថ្ងៃមុន ដែលជាកត្តាជម្រុញឲ្យក្រុមអង់គ្លេសរូបនេះ តម្លើងទឹកប្រាក់រហូតដល់ទៅ ៦០លានផោន។

Man Utd កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការស្វែងរកនូវខ្សែប្រយុទ្ធថ្មីមកកាន់ក្លឹបនៅរដូវកាលក្រោយនេះ។ ក្រោយពីខកខាន ក្នុងការនាំយក Antonie Griezmann បិសាចក្រហម បានសម្លឹងឃើញ Alvaro Morata ដែលកំពុងតែឡើងជើងមកជំនួសវិញ។ ក៏ប៉ុន្តែ វាហាក់នៅសូញសាញនៅឡើយ ខណៈ Man Utd មិនហ៊ានចំណាយខ្ពស់ ក្នុងការនាំយក Morata ដូចកាលចង់បាន Griezmann ឡើយ។

បើតាមការចុះផ្សាយ របស់ The Sun បានឲ្យដឹងថា Man Utd បានត្រៀមទឹកប្រាក់ប្រមាណជា ៦០លានផោន ដើម្បីទិញ Morata បន្ទាប់ពីទទួលនូវការបដិសេធ ពី Real Madrid ម្តងរួចមកហើយ ក្នុងសំណើរ ៥២លានផោន។ ជាការពិតណាស់ ដំបូងឡើយ Man Utd បានត្រៀមទឹកប្រាក់ដល់ទៅ ៧០លានផោន តែដោយសារការចង់បានកីឡាករច្រើន ជម្រុញឲ្យបិសាចក្រហម កាត់បន្ថយទឹកប្រាក់លើ Morata ទៅវិញ។

យ៉ាងណាក៍ដោយ ទឹកប្រាក់ ៦០លានផោននេះ អាចនឹងធ្វើឲ្យ Man Utd នាំយក Alvaro Morata បាន ព្រោះគូប្រជែងរបស់ពួកគេ AC Milan មិនមែនជាកន្លែងល្អសម្រាប់ Morata ស្របពេលដែល Chelsea បង្វែរទៅទិញ Lukaku វិញ។ ម្យ៉ាងវិញទៀត Morata បានយល់ព្រមមកកាន់ Man Utd រួចទៅហើយ ដោយរង់ចាំតែការដោះដូរប៉ុណ្ណោះ។ ដូច្នេះហើយ ភាគរយនៃការនាំយក Alvaro Morata ទៅកាន់ Old Trafford កាន់តែខិតជិតចូលមកដល់ហើយ៕

មតិយោបល់